រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូសេ១២៥និងម៉ូតូស្កុបពីបណ្ដាលឲ្យរងរបួសធ្ងន់៦នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ ធ្នូ ២០១៥ នៅក្នុងបុរីសែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-2504 ជិះគ្នា៣នាក់ (សុទ្ធតែយុវជន) បើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-0366 ជិះគ្នា៣នាក់ (មនុស្សចាស់ម្នាក់ ក្មេងតូចម្នាក់ និងក្មេងជំទង់ម្នាក់) បើកបរពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៦នាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៦នាក់ត្រូវបានដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន ឡាំ ប៊ុនថន នៅជម្ពូរវ័ន្ត តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកុសុមៈ ហៅពេទ្យលោកសង្ឃ រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ