ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណដ៏រន្ធត់មួយរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗ និងយុវជន២នាក់ជាជនជាតិវៀតណាមរងរបួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២០ ធ្នូ ២០១៥ នៅលើផ្លូវលំខាងកើតវត្តដូងថ្មី៥០ម៉ែត្រ ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ផា អាយុ៦៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯយុវជនឈ្មោះ ង្វៀង វ៉ាឡម ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិផាន់តឹង ឃុំផានឡុង ស្រុកចាវថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម របួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ រត់ សាណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ដើមកំណើតខ្មែរ មានទីលំនៅភូមិហេបផាង ឃុំវ៉ាថាន់ ស្រុកចាវថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម របួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង ។
បើតាមប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ សៅ ផា ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង 1D-7148 បើកបរក្នុងទិសដៅពីកើតមកលិច (មកពីប្រទេសវៀតណាមចូលមកខ្មែរវិញ) ខាងស្តាំដៃ ស្របពេលនោះឃើញយុវជនជនជាតិវៀតណាម២នាក់ ជិះម៉ូតូម៉ាក ហុងដា វ៉េវ សេ១១០ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ 70L6_8712 បើកពីទិសខាងលិចទៅកើត បញ្ច្រាស់ទិសគ្នាយ៉ាងលឿនក្នុងស្ថានភាពស្រវឹងជោគ ក៏រេចង្កូតមកឆ្វេងទៅបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យដួលបោកក្បាលទៅលើថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯយុវជនជនជាតិវៀតណាមទាំង២នាក់រងបួសធ្ងន់ សន្លប់នៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ យុវជនជនជាតិវៀតណាមទាំង២នាក់ត្រូវសមត្ថកិច្ចវៀតណាមមកធានាបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមដើម្បីសង្គ្រោះ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបានបន្តទៀតថា កាលពីវេលាម៉ោង៩ព្រឹក នៅថ្ងៃទី២២ធ្នូនេះ សាច់ញាតិជនជាតិវៀតណាមដែលជាជនបង្កបានយកថវិកាមកចូលបុណ្យសពក្រុមគ្រួសារជនរងគ្រោះ និងសន្យាជាមួយក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ចនគបាលស្រុករមាសហែកថា នឹងចូលខ្លួនមកដោះស្រាយពេលជនបង្កបានធូរស្រាលមុខរបួស ៕
ចែករំលែកព័តមាននេះ