ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ប្រជាពលរដ្ឋ​សម្រុក​​ទៅ​ប្រឡង​ធ្វើ​ប័​ណ្ណបើកបរ​ម៉ូតូ​ចំនួន​៣១៦​នាក់កើន​ទ្វេ​ដង​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៏​កន្លង​មកនេះ​ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​ប្រកាសច្បាប់​ចរាចរណ៍​ថ្មី នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ​ខែមករា​ ​ឆ្នាំ​២០១៦​នា​​ពេល​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៏​កន្លង​មកនេះ​ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​ប្រកាសច្បាប់​ចរាចរណ៍​ថ្មី នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ​ខែមករា​ ​ឆ្នាំ​២០១៦​នា​​ពេល​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​​សម្រុក​​ទៅ​ធ្វើ​ប័​ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ​យ៉ាងច្រើន​កុះករខុស​ប្លែក​ពី​ធម្មតា ។ ជា​ពិសេស​ចាប់ពី​ថ្ងៃ​ទី​១ ​ធ្នូ ​រហូត​មក​ដល់​ពេល​នេះ ​មានការ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា​នា​ពេល​មុន​ៗ ។

លោក​ មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័​ណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍ផ្លូវគោកនៃ​មន្ទីរ​សាធារណៈការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៏​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​​ទៅ​ធ្វើ​ប័​ណ្ណបើកបរ​ទោចក្រយានយន្ត​ និង​ប័​ណ្ណបើកបរ​យានយន្ត​យ៉ាងច្រើន​កុះករខុស​ប្លែកពី​ធម្មតា ដោយ​ពី​មុន​មាន​ត្រឹមតែ​ជាង​១០០​នាក់ ប៉ុន្តែ​ឥឡូវ​មាន​រហូត​ដល់​ទៅ​ជិត​៣០០នាក់​ក្នុង​មួយ​ថ្ងៃ នេះ​ជា​ចំនួន​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ​ ២០១៥​ នេះ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ទៅ​ប្រឡ​ង​ធ្វើ​ប័​ណ្ណបើកបរ​ម៉ូតូ​ចំនួន​៣១៦​នាក់កើន​ទ្វេ​ដង បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃ​ទី​១ ​ខែមករា​ ​ឆ្នាំ​២០១៦​ ​ខាង​មុខ​នេះ ។ លោក​បាន​បន្ត​ថា បន្ទាប់​ពី​អគ្គស្នង​ការ​នគ​បាល​ជាតិបានដាក់​បទបញ្ជា​តឹង​រឹង​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី/ខេត្ត​ទាំង​២៥ ដែល​នឹង​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី១​ ខែមករា​ ខាង​មុខ​នេះ​ ។

លោក​ មាស ច​ន្ថា ​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​២០០៧ ​ដល់​ឆ្នាំ​២០១៥​នេះ​ អ្នក​ដែល​បាន​ទៅ​ធ្វើ​ប័​ណ្ណ​បើកបរ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ​សម្រាប់​​ប័​ណ្ណ​បើកបរម៉ូតូ​មាន​ចំនួន​៦៩.០២០ និង​ប័ណ្ណបើកបររថយន្ត​មាន​ចំនួន​១១២.០៨៧ ។ ​ចំពោះ​អ្នក​ដែល​ចុះ​ឈ្មោះ​ក្នុង​ការ​ប្រឡងយក​ប័​ណ្ណ​បើកបរ​បាន ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវអត្តសញ្ញាណ​ប័​ណ្ណ​សៀវភៅ​គ្រួសារ​ ឬសំបុត្រ​កំណើត ហើយ​មានការ​បញ្ជាក់​ពី​សាលាបង្រៀន​បើកបរ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី/ខេត្ត នៅ​ទីស្តីការ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក​ឧត្តម​សេនី​យ៏​ឯក ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​បញ្ជា​ទៅ​កាន់​កម្លាំង​នគរបាល​ទូ​ទាំង​ប្រទេស​ថា សម្រាប់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឆ្នាំ​២០១៦ ខាង​មុខ​នេះ កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​កែ​លម្អ​ឥរិយា​បទ​នៅ​ពេល​ចុះ​ប្រតិបត្តិការដោយ​ប្រកាន់ខ្ជាប់នូវ​សីលធម៌ វិន័យ ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ឱ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស​ត្រូវ​បញ្ឈប់​ការ​ផាកពិន័យ​នៅ​តាម​ដងផ្លូវ មក​ធ្វើការ​ពិន័យ​នៅ​តាម​អង្គភាព​តែ​ម្តង ៕ ​