រាជធានីភ្នំពេញ ៖ បុរសម្នាក់បោកក្បាលនិងថ្មស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តកូរ៉ូឡាបើកបុកត្រង់ចំណុចផ្លូវបំបែកជាបួន ស្របនិងគ្នានោះដែរ រថយន្តតាក់ស៊ីមួយគ្រឿងបើកមក ក៏បានគេចម៉ូតូគុបមូលនោះបួងចង្កូតរហូតដល់ក្រឡាប់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ធ្នូ ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២ កែងនិង១៥៥ ក្នុងសង្កាត់ទទួលទំពូង១ ខណ្ឌចំកាមន ។
តាមប្រភពឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូគុបមូលស៊េរីចាស់មួយគ្រឿង គ្មានស្លាកលេខជិះដោយបុរស២នាក់តាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីកើត ទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុកែងនិងផ្លូវលេខ១៥៥ ក៏មានរថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ខៀវ មិនចាំស្លាកលេខ បើកក្នុងទិសដៅបញ្ច្រាសគ្នា ទៅបុកម៉ូតូគុបមូលនោះពេញទំហឹង បណ្តាលឱ្យបុរស២អ្នកនោះដួលម្នាក់ស្លាប់នៅនិងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។
បន្ទាប់មករថយន្តបង្ក ក៏បានបត់ឆ្វេងគេចខ្លួនបាត់ទៅ តែស្របគ្នានោះដែរ ក៏មានរថយន្តតាក់ស៊ីម៉ែត្រ ពណ៌លឿង បើកតាមបណ្តោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយឃើញរថយន្តបុកម៉ូតូនៅពីមុខ ហើយរថយន្តកំពុងតែលឿនផងនោះ ក៏បានបួងចង្កូតបត់ឆ្វេង ដើម្បីគេចតែបែរជាក្រឡាប់ទៅវិញ ។
ក្រោយពេលកើតហេតុ បុរសដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមកដឹកយកទៅមន្ទីពេទ្យ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានទំនាក់ទំនងក្រុមគ្រួសារឱ្យមកទទួលយកសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំនែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែង និងស្ទូចយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ។
ចែករំលែកព័តមាននេះ