ខេត្តឧត្តរមានជ័យ ៖ ស្នូរផ្ទុះអាវុធ១២គ្រាប់ទាំងអធ្រាត្រនៅក្នុងទីប្រជុំជនស្រុកត្រពាំងប្រាសាទ២ករណីដាច់ដោយឡែកពីគ្នាធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចនឹកស្មានថា ជាក្រុមចោចូលប្លន់ទ្រព្យសម្បត្តិ ។
ជនដែលបាញ់បង្កឲ្យមានការភ្ញាក់ផ្អើលនោះ គឺលោកផន ជាង នាយផ្នែកចរាចរណ៍ប៉ូលិសស្រុកត្រពាំងប្រាសាទចេញពីផឹកស៊ីក្នុងខារ៉ាអូខេយីហោសូយាពេជ្រ បាញ់ដី៣គ្រាប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៧ ២០១៥។
មួយករណីផ្សេងទៀតលោកឆៃ ប៉េអ៉ឹមស្រុកត្រពាំងប្រាសាទមានចិត្តមួម៉ៅក្នុងចិត្តបាញ់នៅមុខផ្ទះពលរដ្ឋ៩គ្រាប់កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ធ្នូ ២០១៥ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ។
ពលរដ្ឋម្នាក់ឈ្មោះ រ៉ែម សារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើបានរៀបរាប់ថា មុនពេលកើតមានប៉ូលិសស្រុកត្រពាំងប្រាសាទ៣ទៅ៤នាក់ចូលផឹកស៊ីច្រៀងរាំលេងកម្សាន្តនៅក្នុងខារ៉ាអូខេដែលមានយីហោសូយាពេជ្រជាច្រើនម៉ោង ហើយនៅពេលចេញទៅវិញស្រាប់តែឈ្មោះផន ជាង បេះសោA.Kបាញ់ដីនៅមុខហាងខារ៉ាអូខេចំនួន៣គ្រាប់ ចំណែកនាងៗស្រីខារ៉ាអូខេភ័យខ្លាចនាំគ្នារត់ចែកជើងគ្នា ព្រោះថាឈ្មោះនេះកន្លងមកតែងតែចូលមកអុកឡុកវាយស្រីជាច្រើនលើកមកហើយ។
មួយករណីផ្សេងទៀតបុរសវយ័ចំណាស់ម្នាក់ឈ្មោះស៉ឹម អេម ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើបានរៀបរាប់ថា មុនពេលកើតហេតុជនដែលបាញ់បោះនេះបានចូលផ្ទះគាត់ ហើយសួររកទិញស្រាផឹក ហើយរូបគាត់បានឆ្លើយតបថា ផ្ទះខ្ញុំមិនដែលលក់ស្រាទេ គឺប្រពន្ធខ្ញុំធ្លាប់លក់តែបបរ បន្ទាប់មកជននេះបានដកកាំភ្លើងខ្លីម៉ាកឡុកភ្ជង់គេឯង រួចបាញ់មេឃចំនួន៩គ្រាប់ ហើយស្រែកថាអញឈ្មោះឆៃ ប៉េអ៉ឹមស្រុក និងជាតៃកុងបើករថយន្តឲ្យលោកចៅហ្វាយស្រុកត្រពាំងប្រាសាទផងដែរ។
ក្រោយពីបាញ់រួចក៏ឡើងជិះម៉ូតូចេញទៅបាត់ ហើយពលរដ្ឋក្នុងស្រុកភ័យខ្លាចស្មានថា ជាក្រុមចោចូលប្លន់ទ្រព្យសម្បត្តិ។
ទាក់ទិនហេតុការណ៍នេះកោះសន្តិភាពបានធ្វើបទសម្ភាសន៍ លោកអនុសេនីយ៍ទោសោម សុផល ជំនួយការព្រហ្មទណ្ឌប៉េអឹមស្រុកត្រពាំងប្រាសាទ លោកបានបំភ្លឺយ៉ាងខ្លីថា ឈ្មោះឆៃនេះមិនមែនប៉េអ៉ឹមទេ ហើយប៉េអឹមបានឃាត់ខ្លួនហើយ តែទោះជាបែបណាលោកមិនហ៊ានឆ្លើយបំភ្លឺលើសពីនេះដែរ។
លោកនៅសំ ដារ៉ារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ឈ្មោះឆៃនេះកន្លងមកជាតៃកុងបើករថយន្តឲ្យលោក ក្រោយមកលោកបានបញ្ឃប់ហើយ វាជាអតីតប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ