ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី៦នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតក្របួចបាននៅកន្លែងតែមួយនៅក្នុងអតីតៈស្ថានីយរថភ្លើងចាស់ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ធ្នូ ២០១៥ បន្ទាប់ពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ថា នាងត្រូវជនសង្ស័យមួយក្រុមចាប់អូសចូលទៅទីតាំងកើតហេតុប្លន់យកអស់ទ្រព្យសម្បត្តិ រួចថែមទាំងរំលោភនាងទៀត ។
ជនសង្ស័យទាំង៦នាក់ខាងលើមិនទាន់ត្រូវបានអាវុធហត្ថក្រុងបង្ហើបឲ្យស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ព្រោះការផ្តល់ព័ត៌មានរបស់អាវុធហត្ថហាក់ដូចជារឹតត្បិតជាងនគរបាលសម្រាប់ខេត្តបន្ទាយមានជ័យ ។ យ៉ាងណាក៏ដោយជនរងគ្រោះត្រូវបានគេស្គាល់ថា មានអាយុ២១ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយនៅជាយដែនក្រុងប៉ោយប៉ែត និងមានទីលំនៅសង្កាត់កើតហេតុខាងលើ ។
នារីរងគ្រោះប្រាប់ថា កាលពីវេលាម៉ោងប្រហែលជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ធ្នូ នាងបានចេញពីធ្វើការកាស៊ីណូ ដោយប្តីនាងទៅទទួលដំណើរដែរ តែដោយសារមានជម្លោះទាស់សម្តីគ្នាតិចតួចប្តីក៏ដើរលឿនទៅផ្ទះមុនចោលនាង ។ ប្រភពបន្តថា លុះនារីរងគ្រោះដើរមកដល់ជិតកន្លែងកើតហេតុ ស្រាប់តែក្រុមជនសង្ស័យធ្វើសកម្មភាពចាប់ក្រៀកនាងអូសចូលទៅក្នុងស្ថានីយរថភ្លើងចាស់នៅក្នុងភូមិកើតហេតុដោយប្លន់យកអស់ទ្រព្យសម្បត្តិអស់ បន្ទាប់មកថែមទាំងចាប់នាងរំលោភទៀត តែត្រូវនាងរើបម្រះ ។
នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះប្រាប់ថា អ្នកជាប់ពាក់ព័ន្ធប្លន់ និងរំលោភនាងមានតែ៤នាក់ទេ ក្នុងនោះមានស្រីម្នាក់ ។
ស្ត្រីឈ្មោះ ញឹម វ៉ាន់ឌី អាយុ៥៤ឆ្នាំ ជាម្តាយនារីរងគ្រោះក៏ដូចជាអ្នកស្រុកគ្រប់ៗគ្នានិយាយថា នារីរងគ្រោះត្រូវជនសង្ស័យហែកសំពត់ និងអាវដាច់រយ៉ៃពិបាកមើលមែនទែនពេលត្រឡប់មកដល់ផ្ទះ ។ នារីរងគ្រោះទំនងត្រូវគេដាក់ថ្នាំមុនប្រព្រឹត្តអំពើប្លន់ ឬរំលោភ ព្រោះនាងហាក់ដូចជានិយាយមិនទាន់ដឹងខុសត្រូវប៉ុន្មានទេ ។ ម្តាយនារីរងគ្រោះបន្តថា ពេលគេយកនាងទៅទុកចោលក្នុងព្រៃនៅភូមិព្រៃព្រិចអង្គុយនៅទីនោះដើរទៅណាមិនរួចឡើយ រហូតទាល់តែនៅម៉ោងជិត៩ព្រឹកថ្ងៃដដែលទើបអ្នករត់ម៉ូតូឌុបម្នាក់ជួបសួរនាំ និងមើលសំលៀកបំពាក់ទើបដឹងថា នាងត្រូវគេធ្វើបាបក៏ជួយទាក់ទងទូរស័ព្ទមកបុរសម្នាក់ជាអ្នកធ្វើការជាមួយគ្នា ទើបនាំនាងមកដល់ផ្ទះ ក៏បែករឿងដឹងដល់សមត្ថកិច្ចក្របួចបានទាំងសំបុកភ្លាមៗ ។
ប្រភពព័ត៌មានជំហានដំបូងពីសមត្ថកិច្ចអាវុធហត្ថម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជនសង្ស័យប្រុស៣នាក់បានសារភាពពីការពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ ដោយជនសង្ស័យម្នាក់និយាយថា ខ្លួនរំលោភនារីរងគ្រោះបានម្តង តែមិនសម្រេចទេ ព្រោះនាងរើបម្រះ ។ ចំណែកជនសង្ស័យជាស្ត្រីម្នាក់បានព្យាយាមបដិសេធ តែទទួលស្គាល់ថា នាងស្ថិតក្នុងហេតុការណ៍ជាមួយជនសង្ស័៣នាក់ខាងលើមែន ។ ទោះជាយ៉ាងណា ប្រភពបង្ហើបថា នារីសង្ស័យនោះធ្លាប់មានរឿងអាស្រូវជាច្រើនដងមកហើយពាក់ព័ន្ធករណីលួច ឬបុកហោប៉ៅភ្ញៀវទេសចរណ៍ ។
ទោះបីសមត្ថកិច្ចមិនទាន់ដាក់បន្ទុកលើជនសង្ស័យពាក់ព័ន្ធទៅនឹងករណីអ្វីក៏ដោយ តែស្ត្រីជាម្តាយនារីរងគ្រោះបានចោទប្រកាន់ថា ជាករណីប្លន់កូនស្រីរបស់គាត់តែម្តង ។
ចំណែកខាងសមត្ថកិច្ចអាវុធហត្ថវិញមិនអាចសុំការបំភ្លឺបានទេ ដោយនិយាយថាចាំធ្វើការសិន ៕
ចែករំលែកព័តមាននេះ