ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​កម្មករ​សំណង់​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្ស័យ​ជា​រឿង​ឃាតក.ម្ម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​ព្រៃ​ត្រែង​ក្រោយ​រោង​ស្នាក់​នៅ​របស់​កម្មករ​សំណង់​មួយ​កន្លែង​ក្នុង​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​…

រាជធានី​ភ្នំពេញ ៖ អតីត​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ព្រៃ​ត្រែង​ក្រោយ​រោង​ស្នាក់​នៅ​របស់​កម្មករ​សំណង់​មួយ​កន្លែង​ក្នុង​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ ដោយ​មាន​កុង​ផ្លា​កកេ និង​ដុំ​ថ្ម​១​ដុំ​យ៉ាង​ធំ​សង្កត់​ពី ដែល​គេ​សង្ស័យ​ថា​ជា​រឿង​ឃាតកម្ម ។

ប្រភព​ពី​កម្មករ​សំណង់​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង ចាន់​ធី អាយុ​៥៥​ឆ្នាំ ជា​អតីត​កម្មករ​សំណង់​ដែល​ត្រូវ​គេ​ផ្អាក​ពី​ការងារ​ជាង​១​ខែ​ហើយ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ក្នុង​ពេលធ្វើការ​ដោយសារ​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​រោង​ស្នាក់​នៅ​របស់​កម្មករ​ក្នុងដីឡូត៍​អតីតសួនកំសាន្តកុមារ ក្នុង​មជ្ឈ​​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​គឺ​កម្មករ​បាន​ធ្វើការ​រុះរើ​រោង​ស្នាក់​នៅ​ទៅ​ធ្វើ​នៅ​កន្លែង​ផ្សេង ក៏​បាន​ធំ​ក្លិនស្អុយ​យ៉ាង​ខ្លាំង​ក៏​នាំ​គ្នា​ស្វែងរក និង​វែក​តាម​គុម្ព​ត្រែង​មើល​ក៏​ប្រទះ​ឃើញ​ជើងមនុស្ស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ ប្រភព​បន្ត​ទៀត​ថា នៅ​លើ​សព​ជន​រង​គ្រោះ​មាន​កុង​ផ្លា​កកេ និង​ដុំ​ថ្ម​១​ដុំ​យ៉ាងធំ​នៅ​ពីលើ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​រឿង​ឃាតកម្ម ព្រោះ​បើ​ជន​រង​គ្រោះ​ស្លាប់​ជាយថាហេតុ​គួរតែ​គ្មាន​អ្វី​សង្កត់ពីលើ​នោះ​ទេ ជា​ពិសេស​ដុំ​ថ្មដ៏ធំបែបនេះ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​ប្រហែល​១​ខែ ជន​រង​គ្រោះ​ត្រូវ​បាន​មេការ​សំណង់​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ពេល​កំពុងធ្វើការ​ដោយសារ​ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ។ បន្ទាប់​ពី​ផ្អាក​ការងារ ជន​រង​គ្រោះ​ក៏​ទៅ​ស្នាក់​នៅ​ជាមួយ​កូនប្រសារ​ដែល​ជា​កម្មករ​សំណង់​នៅ​ក្នុង​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​នេះ​ដែរ ប៉ុន្តែ​ដោយ​មានការ​ថ្នាំងថ្នាក់​គ្នា​ជាមួយ​កូនប្រសារ​ជន​រង​គ្រោះ​ក៏​ចេញ​មក​ស្នាក់​នៅ​ក្នុង​រោង​ស្នាក់​ផ្សេង​ទៀត​នៅ​ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ​ដដែល តែ​៣-៤​ថ្ងៃនេះ​ស្រាប់តែ​បាត់​រូប​គាត់​ដោយ​មិនដឹង​មូលហេតុ គេ​គ្រប់​គ្នា​ឆ្ងល់​ដែរ តែ​រវល់​រៀង​ៗ​ខ្លួន​ក៏​ចេះ​តែ​ហី​ៗ​ទៅ ស្រាប់តែ​ពេល​នេះ​ប្រទះ​ឃើញ​សព​គាត់​ឡើង​ហើប​ស្អុយ​តែ​ម្តង ។

ប្រភព​នៅ​កន្លែង​ហេតុ​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ដដែល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​មក​ធ្វើការ​ពិនិត្យ​នៅឡើយ​ទេ ។ ប៉ុន្តែ​គេ​ឃើញ​មាន​មនុស្ស​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព តែ​មិនដឹង​ថា​ជា​សមត្ថកិច្ច​ខាង​ណា​នោះ​ទេ ព្រោះ​ស្លៀកពាក់​ស៊ី​វិល ៕