ខេត្តកំពត ៖ បុរសចំណាស់ពិការជើងម្នាក់ត្រូវជនមិនស្គាល់មុខឆ្មក់ចូលកាប់សម្លាប់ និងចាប់ចងកូនស្រីវាយធ្វើបាបបណ្តាលឱ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៥ ធ្នូ ២០១៥ ស្ថិតនៅក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។
បុរសរងគ្រោះឈ្មោះ ភឹម ខន អាយុ៦០ឆ្នាំ ជាជនពិការជើងខាងស្តាំដោយសារផ្ទុះមីន រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗនៅកើតហេតុក្នុងផ្ទះតែម្តង ។ ចំណែកកូនស្រីឈ្មោះ ហុយ ធូ អាយុ៣៥ឆ្នាំ រស់នៅជាមួយឪពុក ត្រូវជនមិនស្គាល់មុខចាប់ចងដៃ ចងជើងជាប់នឹងគ្រែ រួចវាយធ្វើបាបបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។
ជុំវិញករណីសម្លាប់បុរសចំណាស់ពិការជើងខាងលើនេះ សមត្ថកិច្ចដែលចុះស្រាវជ្រាវ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព បានសន្និដ្ឋានថា គឺជារឿងគំនុំ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុក និងខេត្ត បានធ្វើការស្រាវជ្រាវ ទើបឈានទៅចាប់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភឹម ថន អាយុ៤៧ឆ្នាំ ត្រូវជាប្អូនជីដូនមួយរបស់បុរសពិការជើងដែលត្រូវគេសម្លាប់ ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ