រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅម្តុំអគ្គនាយកដ្ឋានកសិកម្ម មានការមិនពេញចិត្តជាខ្លាំង ខណៈរថយន្តពន្លត់អគ្គិភ័យរបស់ខណ្ឌទួលគោក១គ្រឿងដែលបានមកបាញ់ពន្លត់ការទុស្សេចរន្តអគ្គិសនីឆេះបង្គោលភ្លើង១នៅចំណុចនោះ តែរថយន្តពន្លត់អគ្គិភ័យបែរជាខុសបច្ចេកទេសបូមទឹកអត់ចេញទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោរនាំគ្នារត់ឡើងលើដំបូងផ្ទះប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតរលត់ទៅវិញនៅម៉ោង៩យប់ថ្ងៃដដែល ដែលហេតុការណ៍ទុស្សេចរន្តអគ្គិសនីបង្គោលភ្លើងរហូតបង្កជាអណ្ដាតភ្លើងនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៧ ធ្នូ ២០១៥ នៅចំណុចបង្គោលភ្លើងមួយកន្លែង នៅផ្លូវបេតុងច្រកចូលអគ្គនាយកដ្ឋានកសិកម្ម ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈពេលដែលទុស្សេចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះបង្គោលភ្លើង១កន្លែងខាងលើនេះ គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ខណ្ឌទួលគោក១គ្រឿងមកជួយបាញ់ពន្លត់ដែរ តែខណៈមកដល់រថយន្តពន្លត់អគ្គិភ័យនេះហាក់ខុសបច្ចេកទេសម៉េចមិនដឹងទេ បែរជាបូមទឹកមិនចេញ ធ្វើឲ្យមិនអាចបាញ់ទឹកពន្លត់បាន ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះមានការភ័យស្លន់ស្លោរខ្លាចអគ្គិភ័យឆេះកាន់តែខ្លាំង និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ហើយក៏នាំគ្នារត់ឡើងលើដំបូលផ្ទះប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតរលត់ទាំងស្រុងទៅវិញ ។
ប្រជាពលរដ្ឋបាននាំគ្នាធ្វើការរិះគន់ត្រង់ៗចំពោះក្រុមពន្លត់អគ្គិភ័យខណ្ឌទួលគោកថា ខ្វះសមត្ថកិច្ចក្នុងការជួយសង្គ្រោះហេតុការណ៍អគ្គិភ័យ នេះឆេះបង្គោលភ្លើង បើសិនជាឆេះផ្ទះវិញមិនដឹងជាអស់ប៉ុន្មានខ្នងទេ បើឡានទឹកមកដល់ហើយបែរជាខុសបច្ចេកទេសបូមទឹកអត់ចេញទៅវិញចឹងនោះ ៕
ចែករំលែកព័តមាននេះ