ខេត្តក្រចេះ ៖ ប្រភពពីប៉ូលិសឱ្យដឹងថា កម្លាំងស្រុកសំបូរកំពុងតែតាមស្រាវជ្រាវរកស្ត្រីជាប្រពន្ធដៃដល់ដែលបានធ្វើសកម្មភាពវាយសម្លាប់ប្តី ដោយប្រើដែកបំពង់ទីបមកវាយសំពងក្នុងជម្លោះហិង្សារគ្រួសារមួយនៅស្រុកសំបូរ ។
អំពើហិង្សាដែលបង្កឡើងដោយស្ត្រីជាប្រពន្ធ រហូតឈានដល់ការវាយសម្លាប់ប្តីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ធ្នូ ២០១៥ ស្ថិតនៅលើផ្ទះក្នុងភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ដោយបុរសរងគ្រោះជាប្តីត្រូវបានស្លាប់នៅព្រឹកថ្ងៃទី៧ ធ្នូ នេះ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ដោយសាររងរបួសត្រង់ក្បាលធ្ងន់ធ្ងរពេក ។
បុរសរងគ្រោះជាប្តីឈ្មោះប៊ុត ក្តាន់ អាយុ៤៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ រីឯស្ត្រីដៃដល់ជាប្រពន្ធឈ្មោះហ៊ុន គិម អាយុ៤៣ឆ្នាំ មានកូនចំនួន៧នាក់ ស្រី២នាក់ ។
បើតាមការបញ្ជាក់ពីនគរបាលស្រុកសំបូរឱ្យដឹងថា ករណីឃាតកម្មនេះ ផ្តើមចេញជម្លោះហិង្សាក្នុងគ្រួសារ កាលពីវេលាយប់ថ្ងៃកើតហេតុ ស្ត្រីដៃដល់បានឈ្លោះជាមួយក្មួយស្រីម្នាក់នៅលើផ្ទះ ។ ស្របពេលគ្នានោះ បុរសជាប្តីបានតមាត់ជាមួយស្ត្រីជាប្រពន្ធ ក៏កើតជាជម្លោះដាក់គ្នាខ្លាំងទៅ ។ ភ្លាមៗ ស្ត្រីជាប្រពន្ធបានយកដែកបំពុងទីបវាយមកលើបុរសជាប្តី បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ក្បាលនិងដងខ្លួន ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំបូរកំពុងតែស្រាវជ្រាវរកស្ត្រីសង្ស័យ ខណៈកំពុងគេចខ្លួន ។


ចែករំលែកព័តមាននេះ