ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមទប់ទល់រដូវប្រាំង! អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រភពទឹកនៅ ៦ ក្រុង-ស្រុក ដើម្បីរៀបចំផែនការរក្សាទឹកជូនពលរដ្ឋ

23 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រៀម​ឆ្លើយ​តប​រដូវប្រាំង​! ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ផ្ទាល់​នៅ ៦ ក្រុង​-​ស្រុក ដើម្បី​រៀបចំ​ផែនការ​រក្សា​ប្រភព​ទឹក​ទុក​ជូន​ប្រជាពលរដ្ឋ​នា​ពេល​ខាង​មុខ ។

ជាក់ស្តែង​រដ្ឋបាល​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៩ ខែតុលា​នេះ​ថា ៖ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៦ លោកស្រី ចំរើន ដា​ណេ អភិបាល​នៃ​គណៈ​អភិបាលស្រុក បាន​អញ្ជើញ​ចូលរួម​អមដំណើរ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិបាលខេត្ត​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក នៅ​តាម​មូលដ្ឋាន​ក្រុង​-​ស្រុក​ចំនួន​៦ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ដើម្បី​ដាក់​ចេញ​វិធានការ​ត្រៀម​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង​នា​ពេល​ខាង​មុខ ។

ក្នុង​នោះ​ឯកឧត្តម អ៊ុ រាត្រី ក៏​បាន​បញ្ជារ​ដល់​មន្ទីរ ធនធានទឹក និង​ឧតុនិយម​ខេត្ត ដើម្បី​បិទ​ទឹក​នៅ​ក្នុង​អាង​នីមួយ​ៗ ដែល​មាននៅ​ក្នុងស្រុក និង​ឃុំ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង ដោយសារ​តែ​នៅ​ឆ្នាំ​២០២៧​ខាង​នេះ កម្ពុជា​ទទួល​រង​ឥទ្ធិពល​រលក​កម្តៅ​ខ្លាំង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

ជាមួយ​គ្នា​នោះ​ឯកឧត្តម​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ទឹក​ដោយ​លក្ខណៈ​សន្សំ​សំចៃ​ខ្ពស់ ខណៈ​ដែល​យើង​អាច​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ទឹក​នា​រដូវប្រាំង នា​ពេល​ខាង​មុខ​។

ក្នុង​នោះ​ដែរ​ឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ត្រូវ​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ស្ដារ​អាង បឹង ឬ​ប្រឡាយ​ទៅ​តាម​លទ្ធភាព​ដល​អាច​ធ្វើ​ទៅ​បាន នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​សំដៅ​ធ្វើ​យ៉ាងណា​មានទឹក សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់ ។

សូម​បញ្ជាក់​ថា យោង​តាម​ទិន្ន័យ​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ប្រព័ន្ធ​ធារាសាស្ត្រ​ពេញលេញ ដែល​មាន​ប្រភព​ទឹក ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព និង​ប្រឡាយ​ដោះ​ទឹក សុ​រប​មាន​ចំនួន​៩៣​កន្លែង ទូ​ទាំង ៩​ក្រុង​-​ស្រុក ក្នុង​ខេត្តបន្ទាយមានជ័យ​៕