ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់បានចូលទៅលួចលុយនៅក្នុងកន្ត្រកក្បែរតូបលក់អីវ៉ាន់អស់ប្រហែល៥០០ដុល្លារ ខណៈស្ត្រីម្នាក់ជិះម៉ូតូជូនប្តីទៅធ្វើការប្រហែល១០នាទី ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី៦ ធ្នូ ២០១៥ នៅក្នុងផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលចូលទៅលួចលុយក្នុងកន្ត្រកក្បែរតូបលក់អីវ៉ាន់នោះ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ពាក់អាវដៃវែងខ្មៅ ខោជើងវែងពណ៌ខ្មៅ ពាក់មួកសុវត្ថិភាព ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឌុច សាវន អាយុ៣៣ឆ្នាំ ជាអាជីវករលក់ដូរនៅផ្ទះ បានបាត់លុយអស់ប្រហែល៥០០ដុល្លារអាមេរិក មានប្តីឈ្មោះ សុខ ជាតិ អាយុ២៧ឆ្នាំ ជាកម្មករ ទាំងអស់គ្នារស់នៅភូមិកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើបានជិះម៉ូតូឌុបប្តីរបស់ខ្លួនទៅវាយបំបែកថ្មឱ្យក្រុមហ៊ុនដូចសព្វមួយដង លុះចេញពីផ្ទះក្នុងទិសដៅពីជើងទៅត្បូងប្រហែល១០នាទី ស្រាប់តែមានបុរសម្នាក់ពាក់មួកសុវត្ថិភាព ពាក់អាវដៃវែងខ្មៅ ស្លៀកខោជើងវែងខ្មៅ ជិះម៉ូតូម៉ាកវីវ៉ាពណ៌ក្រហម ចូលទៅស្រវ៉ាយកលុយនៅក្នុងកន្ត្រកដែលនាងទុកនៅក្នុងផ្ទះ ហើយជិះម៉ូតូគេចខ្លួនបាត់ ។
ប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា ពេលនាងត្រឡប់ពីជូនប្តីទៅធ្វើការវិញ ស្រាប់តែកូននាងម្នាក់អាយុ៨ឆ្នាំ បានប្រាប់ថា មានគេចូលទៅរុកកកាយរកលុយ ហើយនាងក៏ប្រញាប់ចូលទៅមើលឃើញអស់ប្រាក់ដែលទុកក្នុងទូរ និងកន្ត្រកមែន ទើបប្រញាប់ប្រាប់អ្នកជិតខាង ឱ្យជួយប្រាប់សមត្ថកិច្ចចរាចរណ៍ឱ្យធ្វើការស្ទាក់ចាប់សួរនាំ ។ តែហួសពេលបាត់ទៅហើយ ដោយចោររូបនោះត្រូវគេឃើញជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតឆ្ពោះទៅខេត្តបាត់ដំបងគេចខ្លួនបាត់ស្រមោលតែម្តង ។
ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា ផ្ទះរបស់នាងត្រូវចោរចួលលួចជាច្រើនលើកច្រើនសារមកហើយ ដោយកាលពីប៉ុន្មានថ្ងៃមុនចូលលួចមាន់ទាអស់រលីង ហើយក្រោយមកក៏ចូលទៅលួចខោអាវដែលហាលនៅខាងក្រោយផ្ទះ សូម្បីតែខោលីអូ និងអាចទ្រនាប់ក៏មិនទុកឱ្យនៅសល់១ដែរ ៕
ចែករំលែកព័តមាននេះ