ខេត្តកំពង់ចាម ៖ បុរសជនជាតិន័រវេសម្នាក់ ឈ្មោះ Tokvam Arild អាយុ៦១ឆ្នាំ បានដើរដួលដោយជើងទាំងសងខាងមានដំបៅថែមទាំងខ្សោយកម្លាំងទៀត ហើយត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនតាមរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កាលពីថ្ងៃទី០៤ ធ្នូ ២០១៥ ស្ថិតត្រង់ចំណុចម្តុំហាងកោះមាស ក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ប្រជាពលរដ្ឋបានប្រទះឃើញជនបរទេសខាងលើ ដួលនៅលើដីក្បែរប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកុក ហើយក៏ប្រញាប់រាយការណ៍មកលោកនាយប៉ុស្តិ៍ចាត់ម្លាំងចុះទៅពិនិត្យជាបន្ទាន់ ព្រមទាំងឃើញជើងទាំងសងខាងមានដំបៅមិនទាន់ជាផង ។
លោកអធិការនគរបាលក្រុងកំពង់ចាមឱ្យដឹងថា ដោយឃើញបែបនេះ រូបលោកបានទាក់ទងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។ ជនជាតិន័រវេសរូបនេះ កាន់លិខិតឆ្លងដែនលេខ31091413 កាលពីថ្ងៃទី៣ ធ្នូ ២០១៥ បានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចនោះទេ បែរជានៅព្រឹកព្រលឹមថ្ងៃទី៤ ធ្នូ នេះ បែរជាត្រូវពលរដ្ឋប្រទះឃើញដួលនៅជិតហាងកោះមាស ក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ទៅវិញ ។
លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្ត ប្រាប់ឱ្យដឹងដែរថា ជនបរទេសរូបនេះ បានមកដេកនៅមន្ទីរពេទ្យខេត្ត ព្រមទាំងបានជក់បារីនៅក្នុងមន្ទីរពេទ្យ ដែលពិបាកនឹងព្យាបាល។ បន្ទាប់មក ស្រាប់តែបានរត់ចេញបាត់ពីមន្ទីរពេទ្យ ដោយមិនដឹងទៅណាទេ ។








ចែករំលែកព័តមាននេះ