ខេត្តព្រះសីហនុ ៖ ជនបរទេសដែលមានជំងឺប្រចាំកាយយូរមកហើយម្នាក់ បានដេកស្លាប់នៅក្នុងទីតាំងផ្ទះជួលមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងម៉ោង១១យប់ថ្ងៃទី២ ធ្នូ ២០១៥ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
យោងតាមប្រភពពី លោក ខៀវ វុត្ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលេខ៣ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលបានដេកស្លាប់ដោយជំងឺចាស់ជរានេះ ឈ្មោះ LENG BARBARA JEAN ភេទស្រី ជាជនជាតិអាមេរិក ថ្ងៃខែឆ្នាំកំណើតៈ ១៩ ធ្នូ ១៩៤៨ កាន់លិខិតឆ្លងដែនលេខ ៤២០៣៧៨៧៩៣ ផុតសុពលភាពថ្ងៃទី៤ មករា ២០១៧ និងទិដ្ឋាការ (EI) លេខ ០០៨០៣៨៨៥ ផុតសុពលភាពថ្ងៃទី២០ មេសា ២០១៦ ជាភ្ញៀវទេសចររយៈពេលវែងផុតកំណត់ខែ៨ ឆ្នាំ២០១៦ ។
យោងតាមប្រភពពីបុរសជាប្តីសព បានអះអាងថា ប្រពន្ធរបស់គាត់បានមករស់នៅកម្ពុជាជាច្រើនខែមកហើយ ដោយចេញចូលកម្ពុជា-អាមេរិកជាញឹកញាប់ផងដែរេ មួយរយៈពេលចុងក្រោយនេះ ប្រពន្ឋគាត់ដោយសារមានជំងឺប្រចាំកាយ ហើយហូបបារីច្រើនពេក ទើបធ្វើឱ្យជំងឺនេះម្តងឈឺ ម្តងជាមិនទៀងទាត់នោះទេ ហើយនៅយប់កើតហេតុគាត់គេងនៅមុខបន្ទប់ ។
យោងតាមប្រភពលោក សែជូ សុរិទ្ឋជោត អនុប្រធានមន្ទីរសុខាភិបាលទទួលបន្ទុកពិនិត្យសាកសពបានបញ្ជាក់ថា ក្រោយពីត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពរួចរាល់បង្ហាញឱ្យឃើញថា ស្ត្រីរូបនេះបានស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន ហើយសមត្ថកិច្ចក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅចាត់ចែងបន្ត ៕
ចែករំលែកព័តមាននេះ