រាជធានីភ្នំពេញ ៖ បុរសជនជាតិទួរគីម្នាក់ស្រវឹងស្រាវាយបុគ្គលិកចាក់សាំងស្ថានីយប្រេងឥន្ធនៈ PTT ធ្វើឲ្យផ្អើលឆោឡោអ្នកយកព័ត៌មានទៅថតរូបភាពត្រូវស្រីស្នេហ៍របស់គេដើរយកទៅទូរស័ព្ទហើយបុរសជាជនជាតិអង់គ្លេសម្នាក់ទៀតបានដើរទៅវាយអ្នកយកព័ត៌មានមួយដៃទៀត ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ វិច្ឆិកា នៅមុខស្ថានីយប្រេងឥន្ធនៈ PTT តាមមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនបង្កដែលជាបុរសជនជាតិទួរគីមានអាយុជាង៣០ឆ្នាំ បើករថយន្តឡិចស៊ីស RX300 ពណ៌ត្រីឆ្លូញ ដឹកស្រីស្នេហ៍ជាជនជាតិខ្មែរម្នាក់ ទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុខាងលើបានឈប់នៅមុខស្ថានីយប្រេងឥន្ធនៈ PTT ស្របពេលនោះបុគ្គលិកដល់ម៉ោងបើកទ្វារលក់ដូរក៏បានរុញរបងស្ថានីយទៅប៉ះនឹងរថយន្តបន្តិចស្រាប់តែជនបង្កបានចុះពីលើរថយន្តទៅវាយបុគ្គលិកចាក់សាំងនៅ PTT ចំនួន៣ដៃ ក៏ត្រូវបុគ្គលិកប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ភ្លាមៗនោះអ្នកយកព័ត៌មាននៅក្បែរនោះឃើញហេតុការណ៍ផ្ទាល់ភ្នែកក៏បានទៅថតរូបភាពក៏ត្រូវស្រីស្នេហ៍របស់ជនបង្កបានដើរទៅយកទូរស័ព្ទរបស់អ្នកយកព័ត៌មានដែលកំពុងតែថតរូបភាព ចំណែកជនបង្កបានដើរទៅពីក្រោយវាយក្បាលអ្នកយកព័ត៌មានមួយដៃទៀត ។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ តែសមត្ថកិច្ចមិនហ៊ានឃាត់ជនបង្កយកទៅសាកសួរទេរហូតម៉ោងជិត៧ព្រឹកទើបនាំជនបង្កនៅអធិការដ្ឋានខណ្ឌចំការមន ៕





ចែករំលែកព័តមាននេះ