ខេត្តសៀមរាប ៖ អ្នកយកព័ត៌មានកាសែត«ស្មារតី៧មករាអមតៈ»ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាបម្នាក់បានអះអាងថា ខ្លូនត្រូវជនមិនស្គាល់មុខចូលទៅបាញ់គំរាមដល់ផ្ទះ បន្ទាប់ពីរូបគាត់បានចុះទៅថតយករូបភាពអំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់យោធានៅតំបន់នោះ ។
លោក ហង្ស ជ្រឹម អ្នកយកព័ត៌មានកាសែត«ស្មារតី៧មករាអមតៈ» និងប្រពន្ធឈ្មោះ ស៊ុន ថា ដែលមានទីលំនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ បានប្រាប់ឱ្យដឹងតាមទូរសព្ទ័ថា រូបលោករួមទាំងក្រុមគ្រួសារត្រូវជនមិនស្គាល់មុខចូលទៅបាញ់គំរាមដល់ផ្ទះកាលពីវេលាម៉ោង១០ និង០៤នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ ។ ការដែលមានជនមិនស្គាល់មុខចូលទៅបាញ់គំរាមដោយកាំភ្លើងធុនAKចំនួន១គ្រាប់ដល់ក្នុងផ្ទះនោះ គឺបន្ទាប់ពីរូបលោកចុះយកព័ត៌មាន និងថតរូបភាព អំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមយោធាអង្គភាពយោធាភូមិភាគទី៤ ដែលប្រចាំការនៅបន្ទាយក្បែរនោះ ។
លោកបន្តថា ក្នុងពេលជនមិនស្គាល់មុខចូលទៅបាញ់គំរាមដល់ក្នុងផ្ទះ រូបលោកមិននៅផ្ទះទេ តែភរិយាលោករួមទាំងកូនតូចៗមានការភ័យខ្លាចរត់ចេញពីផ្ទះ និងស្រែកឱ្យគេជួយ ខណៈដែលកូនៗកំពុងលង់លក់ក្នុងដំណេក ។ លោក ហង្ស ជ្រឹម ឱ្យដឹងទៀតថា គំនរឈើដែលរូបលោកបានថតរូបភាពនោះជាគំនរឈើរបស់យោធា៤-៥រូបនៅភូមិភាគទី៤ តែចំពោះការចូលទៅបាញ់គំរាមនោះលោកមិនបានដឹងថាជននោះជានរណានោះទេ ។
ក្រោយកើតហេតុ លោកបានទូរសព្ទ័ទៅមេភូមិដើម្បីរាយការណ៍បន្តផងដែរ តែរហូតមកទល់ពេលនេះពុំឃើញមានសមត្ថកិច្ចរូបណាមកសួរនាំ ឬធ្វើកំណត់ហេតុឡើយ ។ ពេលនេះទាំងរូបលោក និងក្រុមគ្រួសារ កំពុងមានការព្រួយបារម្មណ៍អំពីសុវត្ថិភាពក្នុងការរស់នៅយ៉ាងខ្លាំង ។
លោកក៏បានអំពាវនាវសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយវែកមុខខ្មាន់កាំភ្លើងនោះ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផង ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៩វិច្ឆិកានេះថា ឆ្លងកាត់តាមការស្រាវជ្រាវយ៉ាងជាក់លាក់ គឺពុំមានការផ្ទុះអាវុធក្នុងផ្ទះអ្នកកាសែតខាងលើនោះទេនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ តែពិតជាមានផ្ទុះនៅខាងក្រោយផ្ទះឯណោះ ពុំមែនក្នុងផ្ទះឡើយ ។ លោកបន្តថា ការផ្ទុះអាវុធនោះប្រហែលជាក្រុមអ្នកឆ្លុះសត្វក៏អាចថាបានដែរ ពីព្រោះស្នូរកាំភ្លើងនោះគឺនៅឯវាលស្រែខាងក្រោយផ្ទះឯណោះ ។
លោកអធិការបានបញ្ជាក់ទៀតថា ទោះបីជាមានការអះអាងពីម្ចាស់ផ្ទះជាមួយអ្នកកាសែតថា មានគេចូលទៅបាញ់គំរាមដល់ផ្ទះ តែម្ចាស់ផ្ទះខាងលើមិនបានរាយការណ៍ ឬមកដាក់ពាក្យបណ្តឹងនៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយលើនោះទេ ។
ចំណែកមេបញ្ជាការយោធាប្រចាំតំបន់នោះគឺ លោក ទេព រួន មិនអាចទាក់ទងសុំការពន្យល់បានទេនៅរសៀលថ្ងៃទី១៩ខែវិច្ឆិកានេះ ។
សូមបញ្ជាក់ផងដែរថា ករណីបាញ់គំរាមអ្នកកាសែតខាងលើនេះត្រូវបានសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្រចាំខេត្តសៀមរាប ធ្វើការថ្កោលទោសទៅលើក្រុមខ្មាន់កាំភ្លើងនេះថា បានបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកកាសែត ។ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្រចាំខេត្តសៀមរាប បន្តថា សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឱ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ