ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ចោរឆក់​កាបូប​ឲ្យ​សមត្ថកិច្ច ដល់​ប៉ុស្តិ៍​​ផ្សារថ្មី២សមត្ថកិច្ច​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គេ​នឹង​យក​កាបូប​មក​ឲ្យ​វិញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​កាបូប​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន​វ៉ៃ​ស្ទើរ​ក្ស័យ​ទើប​ប្រគល់​ឲ្យសមត្ថកិច្ច​ បន្ទាប់​ពី​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​កាបូប​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន​វ៉ៃ​ស្ទើរ​ក្ស័យ​ទើប​ប្រគល់​ឲ្យសមត្ថកិច្ច​ បន្ទាប់​ពី​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ចំណុច​ស្តុ​ប​សណ្ឋាគារ​ស ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ភ្ញាក់ផ្អើល​នោះ​គឺ​ខណៈ​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​២ បែរជា​ហាម​អ្នក​សារព័ត៌មាន​មិន​ធ្វើការ​សាកសួរ​ជនសង្ស័យ ដោយ​គ្រាន់តែ​ប្រាប់​ថា ករណី​នេះ​មិនមែន​ជា​ករណី​ចោរឆក់​កាបូប​ទេ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ ទោះបីជា​នៅ​ទីនោះ​មាន​ទាំង​ជន​រង​គ្រោះ​ដោយ​ការ​ឆក់​កាបូប​ទៅ​ដាក់​ពាក្យបណ្ដឹង​ និង​ពលរដ្ឋ​ដែល​ចាប់​បាន​ជន​សង្ស័យ​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​អះអាង​ថា​ជា​ករណី​ឆក់​កាបូប​ក៏​ដោយ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះជា​ជនជាតិ​ខ្មែរឥស្លាម​​កំពុង​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឆក់​កាបូប​របស់​គាត់​យក​ទៅ​បាត់ ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែក​ចោរ​ៗ ខណៈ​មក​ដល់​ចំណុច​ស្តុ​ប​សណ្ឋាគារ​ស ប្រហែលជា​ភ្លាត់ស្នៀត ឬ​មក​ពី​ភ័យ​ពេក​មិនដឹង​ ស្រាប់តែ​ជនសង្ស័យ​ដែល​ជិះ​ខាងក្រោយ​ក៏​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ព្យាយាមរ​ត់ទៅ​ខាង​ផ្សារ​ថ្មី តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ដេញចាប់​បាន​វ៉ៃ​ស្ទើរ​ក្ស័យ ។ ភ្លាម​ៗ​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ និង​នាំ​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​២​ដើម្បី​ធ្វើការ​សាកសួរ ដែល​ស្ត្រី​​រង​គ្រោះ​ដោយសារ​ការ​ឆក់​កាបូបនេះ​ក៏​ទៅ​តាម​ដាក់​ពាក្យបណ្ដឹង​នៅ​ទីនោះ​ដែរ ។

អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​ដែល​បាន​ចាប់​ជនសង្ស័យ​ចងស្លាបសេក​នៅ​កន្លែង​កើតហេតុ​ និង​ស្ត្រី​រង​គ្រោះ​មានការ​​មិន​អស់​ចិត្ត​​នោះ​គឺ ខណៈ​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​២ សមត្ថកិច្ច​បាន​ហាមឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ថត​រូប និង​សាកសួរ​ជនសង្ស័យ​ទេ ដោយ​គ្រាន់តែ​និយាយ​ប្រាប់​ថា ករណី​នេះ​មិនមែន​ជា​ករណី​ឆក់​កាបូប​នោះ​ទេ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​កាបូប​ដែល​បាត់​នោះ​គេ​នឹង​យក​មក​ឲ្យ​វិញ​មិន​ខាន ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​បាន​តាម​ដល់​ប៉ុស្តិ៍ ព្រមទាំង​ជន​រង​គ្រោះ​មាន​ការ​សង្ស័យ​ជា​ខ្លាំង ហេតុ​អ្វី​បាន​ទៅ​ជា​យ៉ាងដូច្នេះ​​ទៅ​វិញ? ជនសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន​ជាក់ស្តែង មាន​ទាំង​ជន​រង​គ្រោះ​ធ្វើការ​អះអាង និង​រង់ចាំ​ដាក់​ពាក្យបណ្ដឹង​ទៀត តែ​សមត្ថកិច្ច​បែរជា​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ចំណែក​កាបូប​ដែល​បាត់​នោះ​ចាំ​គេ​យក​មក​ឲ្យ​វិញ ។ តើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​សមត្ថកិច្ច​តទៅ​ទៀត​បាន​ដែរ​ឬទេ?

ប្រភព​បាន​បន្ត​ទៀត​ថា បើជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍មែន ហេតុ​អ្វី​ជន​រង​គ្រោះ​បាត់​កាបូប (​ដែល​តាម​ការ​អះអាង​របស់​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​កាបូប​មាន​ទូរស័ព្ទ iPhone 6 plus មួយ​គ្រឿង និង​លុយ​២០​ដុល្លារ​) ហើយ​បែរជា​សមត្ថកិច្ច​និយាយ​ថា ចាំគេ​​យក​កាបូប​មក​ឲ្យ​ជន​រង​គ្រោះ​វិញ ​ទៅ​វិញ ៕