រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៧ វិច្ឆិកា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចផ្លូវចូលផ្ទះសំណាក់ឫស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សាន់ ដារិន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីរាជការ រស់នៅភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-8182 តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុគាត់ក៏ព្យាយាមបើកវ៉ារថយន្ត១គ្រឿង ហើយក៏ជ្រុលទៅបុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-0840 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង (បញ្ច្រាស់ទិសគ្នា) បណ្ដាលឲ្យអ្នកបើកបរម៉ូតូវីវ៉ាដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូសេ១២៥រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ រីឯម៉ូតូទាំង២គ្រឿងខូចខាតធ្ងន់ធ្ងរ ។
ប៉ុន្តែ ប្រភពពីប្រជាពលរដ្ឋមួយក្រុមទៀតបានឲ្យដឹងថា បុរសរងគ្រោះមិនមែនស្លាប់ដោយសារដួលបោកក្បាលនោះទេ គឺនៅពេលដែលដួលម៉ូតូត្រូវបានរថយន្តធន់ធំ១គ្រឿងបើកមកកិនស្លាប់ភ្លាមៗ ហើយបើកគេចខ្លួនបាត់តែម្តង ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ