ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​១,១០០​លាន​ដុល្លារ​អា​មេ​រិ​ក​សំរាប់​ឆ្នាំ​២០១០

16 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វេទិកា​សហ​ប្រតិបត្ដិការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី​៣ បាន​បញ្ចប់ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែមិថុនា ដោយមន្ដ្រី​កម្ពុជា​និយាយ​ថា ជា​ជោគជ័យ​សំរាប់ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ខណៈ​ពេល​ទទួលបាន​ជំនួយ​១.១០០​លាន​ដុល្លារ សំរាប់​ឆ្នាំ ២០១០ ពី​ប្រទេស​ផ្ដល់​ជំនួយ ក្នុង​នោះប្រទេស​ជប៉ុន គឺជា​ប្រទេស​ដែល​ផ្ដល់​ជំនួយច្រើន​ជាងគេ​។ លោក គាត ឈុ​ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងវេទិកា​ពិភាក្សា​រយៈពេល​២​ថ្ងៃនេះ គឺជា​ជោគជ័យ​សំរាប់​ទាំង​ព្រះរាជាណាចក្រកម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ។ តាមតួលេខ​ជាក់ស្ដែង​នៃ​ហិរញ្ញប្បទាន​សំរាប់​ការ​អភិវឌ្ឍ​ឆ្នាំ​២០១០​នេះ​មាន​ទំហំ​១.១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ទន្ទឹម​នោះកំរិត​នៃ​ការ​គាំទ្រ​សំរាប់​ឆ្នាំ​២០១១ និង​ឆ្នាំ ២០១២​ខាង​មុខ​ក៏​អាច​នឹង​មាន​កំរិត​ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​២០១០​ដែរ ។

លោក​គាត ឈ​ន់ សង្កត់ធ្ងន់​ថា អ្វី​ជាកត្ដា​សំខាន់​ក្នុង​កិច្ច​ពិភាក្សា​លើក​ទី​៣​នេះ គឺយើង​បាន​លើកយក​ប្រធានបទ​ស្នូល គឺ​ការអនុវត្ដ​យុទ្ធសាស្ដ្រ​ចតុកោណ​ដើម្បី​កំណើន ការងារ​សមធម៌ និង​ប្រសិទ្ធភាព​ដំណាក់កាលទី​២ តាម​រយៈ​ការ​អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍​ជាតិ​-​បច្ចុប្បន្ន​កម្ម ។ ប្រធានបទនេះ​បាន​ផ្ដល់​លទ្ធភាព​ឱ្យ​មានការ​ពិភាក្សា​លើផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​-​បច្ចុប្បន្ន កម្ម​ដែល​ត្រូវ​បន្ដ​អាណត្ដិ​របស់​ខ្លួន​រហូត​ដល់ឆ្នាំ​២០១៣ និង​បាន​កំណត់​មាគ៌ា​សំរាប់​ការ ហក់​ឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​កំរិត​ខ្ពស់ និង​ប្រកបដោយ​ចីរភាព​បន្ទាប់​ពី​ដំណើរ​ឆ្លងកាត់​កលិយុគ​ហិរញ្ញវត្ថុ និង​ឱនភាព​សេដ្ឋកិច្ចសាកលលោក ។ លោក​បន្ដ​ថា សន្ដិភាព និង​ស្ថិរភាព​សង្គម ដែល​ជា​សមិទ្ធផល​នៃ​ការ​អនុវត្ដ​គោល នយោបាយ​ឈ្នះ​=​ឈ្នះ​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ឱ្យ​មាន ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ។

លោក​គាត ឈុ​ន បញ្ជាក់​ថាវេទិកា​កិច្ច សហប្រតិបត្ដិការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី​៣ បាន​ផ្ដល់​នូវ “​កាលានុវត្ដភាព​” សំរាប់​រាជរ​ដ្ឋាភិ​បាល និង​ដៃគូ​អភិវឌ្ឍន៍​ផ្លាស់​ប្ដូរ​យោបល់ អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម ព្រមទាំងរួម​គ្នា​កំណត់​សកម្មភាព​គន្លឹះ​សំរាប់​អភិវឌ្ឍ សេដ្ឋកិច្ច​-​សង្គម ដោយ “​ពង្រឹង​ភាព​ជា​ដៃគូ បង្កើន​ប្រសិទ្ធភាព និង​គណនេយ្យ​ភាព​ទ្វេ ទិស​នៃ​ធនធាន​សាធារណៈ​” ក្នុង​ការ​អនុវត្ដផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ។ ចំណែក​លោកស្រី Annette Dixon  ប្រធាន​ស្ថាន​តំណាង​របស់​ធនាគារពិភពលោកប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​មាន​គោលដៅ​រួម​គ្នា ក្នុង​ការ​សំរេច​ឱ្យ​បាន​នូវ​សមិទ្ធផល​នៃ​កិច្ចអភិវឌ្ឍ​សំរាប់​ប្រជាជន​កម្ពុជា ជា​ពិសេស សំរាប់​ប្រជាជន​ក្រីក្រ និង​ងាយ​រង​គ្រោះ ។ ជោគជ័យ គឺ​អាស្រ័យ​លើ​ប្រសិទ្ធភាព​នៃ​ភាព ជា​ដៃគូ​របស់​យើង ។

លោកស្រី​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ដែល​ត្រូវ​ធានា​ថា ការ​រីកលូតលាស់​ឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ​ត្រូវ​យកចិត្ដទុកដាក់​ដល់​ការ​ដោះស្រាយ​បញ្ហា​សមធម៌ ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន​តម្លាភាព​និង​កែ​លំអ​សមត្ថភាព​ប្រកួតប្រជែង ក៏​ដូច​ជា​ការ​ផ្ដល់​ការ​គាំពារ​សង្គម និង​ធានា និរន្ដរភាព​។ លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ដ្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​បាន​មាន ប្រសាសន៍​ថា គោលដៅ​ចម្បង​នៃ​កិច្ចប្រជុំ រយៈពេល​២​ថ្ងៃនេះ​ដើម្បី​ពិភាក្សា​លើ​វឌ្ឍន ភាព និង​កំណែទំរង់​របស់​រាជរដ្ឋាភិបាលកម្ពុជា ។ រីឯ​បញ្ហា​ដីធ្លី​វិញ​កម្ពុជា​នឹង​ធ្វើ សេចក្ដីរាយការណ៍​លំអិត​ដល់​ប្រទេស​ម្ចាស់ជំនួយ ។ លោក​បន្ដ​ថា ហិរញ្ញប្បទាន​ដែល កម្ពុជា​ទទួល​បាន​ប្រមាណ​១.១០០​លាន ដុល្លារ​សំរាប់​ឆ្នាំ​២០១០​នេះ គឺ​ឆ្លើយ​តប​នឹង ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​នា​ពេលបច្ចុប្បន្ន ។ ជំនួយ​ទាំង​អស់នេះ កម្ពុជា​នឹងយក​ទៅ​អភិវឌ្ឍន៍​ជាតិ​នា​ពេល​បច្ចុប្បន្ន ។ ជំនួយ​ទាំង​អស់នេះ​កម្ពុជា​នឹង​យក​ទៅ អភិវឌ្ឍន៍​លើ​វិស័យ​ទាំង​៤ រួម​មាន​ផ្លូវ ទឹក ភ្លើង និង​មនុស្ស ។