ខេត្តបាត់ដំបង ៖ បុរសចំណាស់ម្នាក់ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីយកលុយដែលមេការសំណង់ប្រើឱ្យទៅទិញសម្ភារទៅលេងល្បែងអាប៉ោងចាញ់អស់ប្រាក់១៥០០ដុល្លារ ក៏ដាច់ចិត្តផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវធ្វើអត្តឃាត ។ បន្ទាប់ពីផឹកថ្នាំពុលរួចត្រូវបានប្រពន្ធចុងឃើញក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងនៅជាប់ព្រំដែនខេត្តប៉ៃលិន-ខេត្តបាត់ដំបង ដោយសភាពធ្ងន់ធ្ងរពេកក៏ប្រញាប់ដឹកបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីលាងក្រពះជម្រះជាតិពុល តែជាអកុសល់ដោយថ្នាំពុលបានកាត់ផ្តាច់ក្រពះ ពោះវៀន ក្អួតចេញមកទាំងដុំៗ ក្រោយមកក៏ស្លាប់បាត់បង់ជីវិតតែម្តង ។ ហេតុការណ៍ផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិតាគ្រក់ ឃុំតាគ្រក់ ស្រុករតនមណ្ឌល រហូតដល់ម៉ោង៤ និង១០នាទីរសៀលទើបស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារថ្នាំពុលនេះជាប្រភេទលេខ១នៅប្រទេសថៃ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ូន រឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធ២ ប្រពន្ធដើម ឈ្មោះ កាយ រិច អាយុ៥៥ឆ្នាំ មានកូន៤នាក់ ស្រីម្នាក់ ប្រុស៣នាក់ និងប្រពន្ធចុងឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ មានកូនស្រីម្នាក់ ទាំងអស់គ្នារស់នៅភូមិខាងលើ ។
ប្រភពព័ត៌មានពីស្ត្រីឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ ជាប្រពន្ធចុង បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់នាងបានយកលុយចំនួន១៥០០ដុល្លារដែលមេជាងសំណង់ម្នាក់ប្រើឱ្យទៅទិញសម្ភារមួយចំនួនសម្រាប់ធ្វើផ្ទះឱ្យគេ ស្រាប់តែគាត់យកទៅលេងល្បែងអាប៉ោងបណ្តាលឱ្យចាញ់អស់រលីង ហើយក៏ត្រឡប់មកផ្ទះវិញទាំងបាតដៃទទេ រួចទាញយកថ្នាំពុលបាញ់ស្មៅនៅក្នុងផ្ទះទៅសម្ងំផឹក ទើបប្រើឱ្យនាងទិញមីឱ្យគាត់ហូប លុះមកដល់ស្រាប់តែក្អួតចេញសុទ្ធតែទឹកខៀវ លុះសួរនាំទៅគាត់ប្រាប់ថា បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ គាត់ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរព្រំដែន ដោយសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង តែទោះបីជាយ៉ាងណាក៏ដោយថ្នាំពុលនេះបានកាត់ផ្តាច់ក្រពះ ពោះវៀន ដាច់សាច់ក្អួតចេញមកទាំងដុំៗ ហើយក៏ស្លាប់កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃដដែលនេះតែម្តង ៕
ចែករំលែកព័តមាននេះ