រាជធានីភ្នំពេញ ៖ សមត្ថកិច្ចពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងឆេះកន្លែងលក់សម្ភារទារក និងកុមារគ្រប់ប្រភេទ នៅផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៨៩៦ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅពេលនេះបានរលត់ទាំងស្រុងហើយនៅពេលនេះ ដែលការឆេះអស់មានរយៈពេលជាងកន្លះម៉ោង គឺចាប់ពីម៉ោងប្រហែល១០យប់ ដល់ម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១៥ វិច្ឆិកា ២០១៥នេះ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យនេះមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទេ ដោយសារប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងទុយោបាញ់ទឹក ព្រមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា ។
ប្រភពពីមន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងទៀតថា ឡានទឹកបានមកដល់កន្លែងកើតហេតុចំនួន៥គ្រឿង តែប្រើប្រាស់អស់តែ២គ្រឿងប៉ុណ្ណោះ ក៏អាចគ្រប់គ្រប់ស្ថានការណ៍បាន ហើយការខូចខាតសម្ភារខាងក្នុងអស់ប្រមាណជា៥០%ទៅ៦០% ។
សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានថា អគ្គិភ័យនេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដទេ គឺកំពុងធ្វើការស្រាវជ្រាវនៅឡើយ ម្យ៉ាងទៀតទំហំនៃការខូចខាតពិតប្រាកដយ៉ាងណានោះក៏មិនទាន់បានដឹងច្បាស់នៅឡើយដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ