ថ្ងៃនេះកោះសន្ដិភាពសូម បង្ហាញជូននូវឧក្រិដ្ឋកម្មព្រៃឈើមួយកំពុង ស្ដុកទុកក្នុងអ្វីដែលហៅថា តំបន់ស ស្ថិតនៅ ភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដ រតនគិរី ចម្ងាយប្រមាណ៥០០ម៉ែត្រពីច្រក ទ្វារអន្ដរជាតិអូរយ៉ាដាវ ។ តំបន់សនេះស្ថិតនៅចំព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកអូរយ៉ាដាវ ខេត្ដរតន គិរី និងស្រុកដាក់កឺ ខេត្ដយ៉ាឡាយ ប្រទេស វៀតណាម ។ប្រភេទឈើប្រណីតមាន បេង នាងនួន ធ្នង់ និងគ្រញូង រហូតដល់រាប់ពាន់ម៉ែត្រគូប ដែលឈ្មួញដឹកជញ្ជូនយកទៅស្ដុកទុកនៅក្នុងចំណុច.សព្រំដែនកម្ពុជា-វៀតណាម ពិតជា បានបង្ហាញយ៉ាង ជាក់ស្ដែងថា មានទំហំធំ ធេងណាស់ ដែលឧក្រិដ្ឋកម្មព្រៃឈើបានបង្ក ឡើង និងធ្វើឱ្យធនធានធម្មជាតិមានតំលៃ នេះវិនាសហិនហោចនាពេលខាងមុខ ។
ប្រការដែលគួរចាប់អារម្មណ៍នោះ គឺ ចំណូលពីធនធានព្រៃឈើនេះមិនដឹងថា រដ្ឋ បានទទួលប៉ុន្មានឬក៏បានត្រឹមតែចូលហោប៉ៅ ក្រុមមន្ដ្រីខិលខូចក្នុងតំបន់ឬយ៉ាងណានោះទេ ។ កំណាត់ឈើប្រណីតយ៉ាងច្រើនសន្ធឹក សន្ធាប់ដែលហូរចូលតំបន់ស និងឆ្ពោះទៅរក ការដឹកចូលជ្រៅទៅក្នុងប្រទេសវៀតណាម នេះបានបង្កើតឱ្យមានចំងល់ថា តើវាហូរទៅ បែបនេះតាមរបៀបណា? ដោយមិនចាំបាច់ ឆ្ងល់នោះ គឺការបង់ថ្លៃសេវាតាមផ្លូវឱ្យអាជ្ញា ធរ និងសមត្ថកិច្ចរហូតដល់អ្នកមានតួនាទីនៅ តាមច្រកទ្វារព្រំដែនសំរាប់ការនាំចេញ មិន ថា ច្រករបៀង ឬច្រកផ្លូវត្រង់ ឬច្រកទ្វារ អន្ដរជាតិឡើយ និងរហូតដល់មន្ដ្រីដែលមាន នាទីចល័តទូទាំងតំបន់ ឬថ្នាក់លើសនេះទៀត ផង ទើបមានការនាំចេញយកទៅស្ដុកដោយ រលូនបែបនេះ ។
ប្រភពពីមន្ដ្រីយោធាការពារព្រំដែនបាន ឱ្យដឹងថា រយៈពេលជាងបីខែចុងឆ្នាំ២០០៩ នេះ ក្រុមឈ្មួញបានសំរុកដឹកឈើចូលដល់ ចំណុច.សយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ តាមច្រករបៀងមួយចំនួនដែលអំណោយផល ដល់អ្នកដឹកជញ្ជូនតាមម៉ូតូ និងតាមផ្លូវត្រង់ ដឹកជញ្ជូនតាមគោយន្ដច្នៃនៅពេលយប់ ។ ប្រភពដដែលនិយាយថា លស់ថ្ងៃតិចណាស់ ដែលមិនឃើញដឹកជញ្ជូនឈើប្រណីតចូល ចំណុច.សនោះ លើកលែងតែមានមន្ដ្រីធំមក ពីក្រសួង ឬមកពីភ្នំពេញចុះមកដល់ខេត្ដ ទើប មានការផ្អាកដឹកជាបណ្ដោះអាសន្ន ។
ថៅកែ ឈើធំៗជាច្រើនដែលធ្លាប់រកស៊ីដឹកឈើលក់ ឱ្យឈ្មួញយួនតាមខេត្ដក្រចេះ កំពង់ចាម និង ភ្នំពេញ បាននាំគ្នាសំរុកមកកាន់ខេត្ដរតនគិរី អស់ហើយ ព្រោះខេត្ដនេះមានភាពធូររលុង ហើយសំបូរឈើប្រណីត និងនៅជិតព្រំដែន ងាយស្រួលក្នុងការដឹកជញ្ជូន និងរត់ការ សំរាប់សេវាតាមផ្លូវ ។ មន្ដ្រីយោធាដដែលបានបង្ហើបឱ្យដឹងថា អ្នកដែលរត់ការផ្លូវ នាំឈើចេញបានព្រលយ ពាក្យប្រាប់ថា រត់ការឈើប្រណីតនាំចេញទៅ ប្រទេសវៀតណាម គឺក្នុងមួយគោយន្ដច្នៃ ចំណុះពី៧ម៉ែត្រគូបទៅ១០ម៉ែត្រគូប ត្រូវបង់ សេវាតាមផ្លូវអស់រហូតដល់១០.០០០ដុល្លារ ទៅ១៥.០០០ដុល្លារ គឺចាប់ពីថ្នាក់ខេត្ដ រហូត ដល់ច្រកទ្វារតាមរយៈមន្ដ្រីជំនាញដែលពាក់ ព័ន្ធ ។
បទឧក្រិដ្ឋនេះពិតជាមិនអាចទប់ស្កាត់ បានទេ ព្រោះលុយកាក់ជាបញ្ហាចំបងដែល មន្ដ្រីខិលខូចនានាតែងស្វាគមន៍ ដូច្នេះវាពិត ណាស់ថា គ្មានចំណូលសំរាប់រដ្ឋឡើយ ខណៈ ដែលធនធានព្រៃឈើកាន់តែវិនាសទៅហើយនេះ ។ ប្រភពមួយទៀតបានបង្ហើបឱ្យដឹងក្រៅ ផ្លូវការថា ចំពោះឈើដែលដឹកជញ្ជូនតាម គោយន្ដច្នៃនេះ ក្នុងមួយគ្រឿងត្រូវបង់ ១០.០០០ដុល្លារ សំរាប់មេធំ ចំណែកតាម ទីតាំងសមត្ថកិច្ចប្រដាប់អាវុធត្រូវបង់៥០០ ដុល្លារ ក្នុងមួយស្ថាប័ន និងអាជ្ញាធរតាម លំដាប់ថ្នាក់ក្រោមៗបង់៣០០ដុល្លារក្នុងមួយស្ថាប័ន ។
ចំណែកនៅច្រកទ្វារ១.០០០ដុល្លារ ក្នុងមួយគ្រឿងសំរាប់គ្រប់ស្ថាប័ន ។ ក្នុងមួយ ខែមានរថយន្ដចាប់ពី៥០ទៅ៨០គ្រឿងបាន បង់សេវានេះ និងមិនទាន់គិតពីចំនួនរថយន្ដ ឬម៉ូតូតូចតាចនោះទេ ។ យោងតាមប្រភព ក្រៅផ្លូវការនេះគេបានគិតថា បើសិនជាដូច ការអះអាងមែន វាច្បាស់ណាស់ថា អំពើពុក រលួយនៅតំបន់នោះបានឈានដល់ប្រកាស អាសន្នហើយ សំរាប់ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់ជាអាទិភាពមួយ ទើបអាចសង្គ្រោះធនធានឈើក្នុងព្រៃបាន ។ ប្រភពពីអ្នករកស៊ីដឹកឈើតាមរថយន្ដតូច និងអ្នកប្រមូលឈើស្ដុកទុកតាមព្រៃចំការ ស្វាយចន្ទីបានឱ្យដឹងថា ចំពោះឈើប្រណីត ដែលគេដឹកជញ្ជូននិងប្រមូលទុកនេះ គឺបាន ធ្វើការប្រមែប្រមូលមកពីតាមស្រុកមួយ ចំនួនដូចជា ស្រុកកូនមុំ ស្រុកអូរជុំ ស្រុកវ៉ឺន សៃ ស្រុកតាវែង ស្រុកអណ្ដូងមាស ស្រុកបរ កែវ និងស្រុកអូរយ៉ាដាវ ។
ពួកគាត់បានបន្ដ ទៀតថា ឈើទាំងនោះភាគច្រើនគឺអារ ច្រៀកយកមកពីក្នុងដីព្រៃចំការដែលរដ្ឋបាន វិនិយោគឱ្យក្រុមហ៊ុនមួយចំនួនឈូសឆាយ ដើម្បីដាំកៅស៊ូ ។ ឈើទាំងនេះ មេការតែង តែឈូសឆាយដុតបំផ្លាញចោល ទើបខ្លះសុំ ទិញពីមេការឈូសឆាយ យកមកគរប្រមូលទុក ប្រសើរជាងដុតបំផ្លាញចោល ហើយមួយ ចំនួនទៀតសុំទិញពីសហគមន៍ជនជាតិតាម បណ្ដាភូមិមួយចំនួន ។ ប្រភពពីមន្ដ្រីស្រុកតាវែងក៏បានឱ្យដឹងដែរថា ចំពោះការកាប់បំផ្លាញព្រៃឈើ និងឈើ ប្រណីតដ៏មានតំលៃ ហើយបច្ចុប្បន្នឈ្មួញ ប្រមូលទិញយ៉ាងច្រើនបែបនេះ ធ្វើឱ្យអ្នករក ស៊ីអារឈើនិងច្រៀកឈើប្រណីតបង្កើនការ សំរុកកាប់ឈើក្នុងតំបន់ឧទ្យានជាតិ វីរជ័យ ជាតំបន់កន្ទុយនាគយ៉ាងខ្លាំងក្លាបំផុត និងពុំ មានការទប់ស្កាត់ណាមួយឱ្យមានប្រសិទ្ធភាពទេ ។
ការមិនក្រោកពីដេករបស់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើឱ្យមជ្ឈដ្ឋានទូទៅ ហ៊ាននិយាយថា គឺដោយសារតែការទទួល លាភសក្ការៈពីក្រុមឈ្មួញ ទើបគ្មានការអើពើ ហើយនាំគ្នាបណ្ដែតបណ្ដោយទៅតាមយថា កម្មបែបនេះទៅ ។ ឧទ្យានជាតិវីរជ័យជាតំបន់កន្ទុយនាគ ធ្លាប់មានការកាប់បំផ្លាញម្ដងរួចមកហើយ កាលពីសម័យអភិបាលខេត្ដ លោកខាំ ខឿន ហើយមានមន្ដ្រីខ្លះត្រូវតាមចាប់ខ្លួន និងមន្ដ្រី ខ្លះជាប់ពន្ធនាគារអស់បុណ្យស័ក្ដិ ដោយសារ មានការឃុបឃិតគ្នាកាប់ឈើតំបន់នេះជា ទ្រង់ទ្រាយធំ ។ ឯបច្ចុប្បន្នគេកាប់ឈើក្នុង ទ្រង់ទ្រាយតូចល្មមទេ ប៉ុន្ដែគឺកាប់យកតែ ឈើប្រណីតប្រភេទបេង នាងនួន ធ្នង់ និង គ្រញូង ដែលមានតំលៃ ដូចមាស ដូច្នេះតើ ត្រូវទទួលទោសកំរិតណាចំពោះអ្នកដែល ឃុបឃិតគ្នាបើកដៃ និងទទួលលាភសក្ការៈ ។
ចំពោះការកាប់ និងដឹកជញ្ជូនឈើប្រណីត យកទៅស្ដុកនៅចំណុច.សព្រំដែនកម្ពុជា-វៀតណាមនេះ ពុំមានការបំភ្លឺណាមួយពីមន្ដ្រី ជំនាញ ឬអាជ្ញាធរខេត្ដឡើយ គឺឆ្លើយថា មិន ដឹងគ្រប់គ្នា ខណៈដែលកំណាត់ឈើប្រណីត រាប់ពាន់ម៉ែត្រគូបស្ថិតក្នុងតំបន់រង់ចាំលេខ រៀងលើកដាក់រថយន្ដដឹកចូលស្រុកយួន ។ មានការបង្ហើបមួយទៀតឱ្យដឹងថា ដោយ សារតែបញ្ហាលាភសក្ការៈមិនបានទទួលស្មើ គ្នា គឺអាចនឹងមានការប្រះឆាគ្នារវាងក្រុម មន្ដ្រីនានា ។ អ្នកមិនបានសើមមាត់កំពុងតែ សំលៀងមាត់ ហើយមិនយូរទេអ្នកស៊ីនឹង បែកពោះ ។ ប្រភពដដែលបានវាយតម្លៃថា ឈើប្រណីតទាំងនេះមានតម្លៃរាប់សិបលានដុល្លារដែលហូរចូលហោប៉ៅមន្ដ្រីពុករលួយ ។
ចែករំលែកព័តមាននេះ