រាជធានីភ្នំពេញ ៖ អ្នកជំនួញរកស៊ីទិញ-លក់ឈើម្នាក់ត្រូវបានសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា ២០១៥ ពាក់ពន្ធពីបទឆបោកលើទឹកប្រាក់ជាង២០ម៉ឺនដុល្លារដើម្បីចាត់ការតាមផ្លូវច្បាប់ ។
អ្នកជំនួញឈើរូបនោះឈ្មោះ ជិន ភឹម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររកស៊ីទិញ-លក់ឈើ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ២B ផ្លូវ១០៧ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៩ សីហា ២០១៤ ជនសង្ស័យឈ្មោះ ជិន ភឹម បានប្រើល្បិចទៅខ្ចីប្រាក់ពីឈ្មោះ វ៉ាន់ សំណាង ដែលជាមនុស្សរាប់អានគ្នាចំនួន២០២.៧០៦ដុល្លារអាមេរិក ដោយបាននិយាយអះអាងជាមួយម្ចាស់ប្រាក់ថា ខ្លួន (ជិន ភឹម) ខ្វះប្រាក់មួយចំនួន ដើម្បីធ្វើទុនរកស៊ីទិញ-លក់ឈើ បើសិនជា វ៉ាន់ សំណាង យល់ព្រមឲ្យគេ គេនឹងសងវិញនៅថ្ងៃទី៣០ ឧសភា ២០១៥ គ្រប់ចំនួន មិនដូច្នោះទេគេនឹងប្រគល់ឈើប្រណីតតាមតម្លៃទឹកប្រាក់២០២.៧០៦ដុល្លារតាមកិច្ចសន្យា ។
ប្រភពព័ត៌មានបានបន្តទៀតថា ដោយជឿទុកចិត្តលើមនុស្សធ្លាប់រាប់អានគ្នា ឈ្មោះ វ៉ាន់ សំណាង បានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យ ជិន ភឹម ដោយមានធ្វើកិច្ចសន្យាត្រឹមត្រូវ តាមអ្វីដែលគូរភាគីទាំងពីរគួរឲ្យជឿទុកចិត្ត ។ ក្រោយពីឈ្មោះ វ៉ាន់ សំណាង ប្រគល់ប្រាក់ឲ្យទៅជនសង្ស័យ ជិន ភឹម នៅក្នុងអំឡុងខែឧសភា ២០១៤ ជនសង្ស័យ ជិន ភឹម បានយកឈើប្រណីតទៅលក់ឲ្យឈ្មោះ វ៉ាន់ សំណាង ម្តងដែរ ដែលមានតម្លៃគិតជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក ។ ចាប់តាំងពីពេលនោះមកជនសង្ស័យគ្មានឈើយកទៅលក់ឲ្យឈ្មោះ វ៉ាន់ សំណាង ទៀតទេ មិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ ជិន ភឹម បានព្យាយាមគេចខ្លួន និងគេចវេសពីបំណុលនោះទៀត ។ ដោយពិនិត្យឃើញថាឈ្មោះ ជិន ភឹម មានគំនិតទុច្ចរិតឆបោកប្រាក់ ទើបបានជាឈ្មោះ វ៉ាន់ សំណាង សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរនបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីឲ្យឃាត់ខ្លួនឈ្មោះជិន ភឹម នេះចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ចែករំលែកព័តមាននេះ