ខេត្តប៉ៃលិន ៖ បុរសជាឪពុកចុងវ័យក្មេងបានល្បួងកូនស្រីដែលមានអាយុទើបតែ១១ឆ្នាំរំលោភរហូតបានសម្រេចចំនួន៧ដង ខណៈម្តាយចេញទៅស៊ីឈ្នួលដកដំឡូងមីឱ្យគេតាំងពីព្រឹករហូតដល់ល្ងាចទើបត្រឡប់មកវិញ ទុកឱ្យកូនស្រីស្នាក់នៅផ្ទះជាមួយនឹងឪពុកចុងចិត្តតិរច្ឆាន ហើយនៅថ្ងៃចុងក្រោយខណៈម្តាយឃើញទាន់ក៏ស្រែកឆោឡោ រីឯជនល្មោភកាមរូបនោះដឹងសភាពការណ៍មិនស្រួលក៏ដាក់មេប្រូចរត់គេចខ្លួនចូលព្រៃបាត់ស្រមោលតែម្តង ។ លុះក្រោយមកស្ត្រីជាម្តាយបានសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យចាត់ការតាមនីតិវិធី ។
ហេតុការណ៍ឪពុកចុងរំលោភកូនស្រីអាយុ១១ឆ្នាំនេះបានបែកការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា កុមារីរងគ្រោះទើបតែមានអាយុ១១ឆ្នាំ ចំណែកឯឪពុកចុងតិរច្ឆានមាន ឈ្មោះ ភា ផៃ អាយុ២៤ឆ្នាំ ជាកម្មករ ។
ប្រភពបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ សមត្ថកិច្ចក៏បានហៅក្មេងស្រីតូចនេះមកសាកសួរ ដោយនាងឆ្លើយថា ឪពុកចុងនេះបានល្បួងនាងរំលោភជាច្រើនលើកច្រើនសារមកហើយ ខណៈម្តាយនាង និងបងប្អូនប្រុសស្រីដទៃទៀតនាំគ្នាទៅធ្វើការដកដំឡូងមីនៅឯចម្ការថៅកែម្នាក់ ដោយបន្ទាប់ពីរំលោភរួចគាត់បានគម្រាមមិនឱ្យប្រាប់នរណាដឹងឡើយ ហើយក៏មិនត្រូវឱ្យម្តាយដឹងដែរ បើពុំដូច្នោះទេរូបគេនឹងសម្លាប់ចោលទាំងពូជមិនទុកនរណាម្នាក់នោះឡើយ ។
កុមារីរងគ្រោះបញ្ជាក់ទៀតថា ដោយសារការភ័យខ្លាចចំពោះការគម្រាមកំហែង ទើបនាងសុខចិត្តនៅស្ងៀមរហូតដល់ឪពុកចុងចិត្តជាសត្វរូបនេះបន្តរំលោភនាងជាច្រើនលើកច្រើនសារ ។
ប្រភពបញ្ជាក់ទៀតថា ក្រោយមកដោយសារស្ត្រីជាម្តាយកត់សម្គាល់ឃើញកូនស្រីរបស់ខ្លួនមានសភាពស្លេកស្លាំងខុសពីធម្មតា និងមានការភ័យខ្លាច ទើបថ្ងៃមួយនាងធ្វើដំណើរទៅដល់ចម្ការហើយ ក៏លួចដើរមកមើលឯផ្ទះរបស់ខ្លួនវិញថាតើមានការអ្វីកើតឡើង ។ ពេលនោះស្រាប់តែឃើញប្តីតិរច្ឆានរូបនោះកំពុងធ្វើសកម្មភាពរំលោភកូនស្រីរបស់ខ្លួន ហើយក៏ស្រែកផ្អើលឆោឡោ ទើបរូបគេស្ទុះរត់គេចខ្លួនបាត់ស្រមោល ហើយនាងក៏ប្រញាប់ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនគរបាលតែម្តង ។
សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយរំលោភបានសំរេចប្រហែល៧លើក ។ បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចំណែកសមត្ថកិច្ចជំនាញកំពុង ស្រាវជ្រាវរកមុខសញ្ញា និងតាមចាប់ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ