ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​បងប្អូន​ឈប់​ម៉ូតូ​ចាក់​សាំង ត្រូវ​ជន​២​នាក់​វាយ​បែកក្បាល ហើយ​ហៅ​ប៉េ​អឹ​ម​ក្រុង​១​ឡាន​មក​ចាប់​យក​ទៅ​ទៀត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បងប្អូន​ឈប់​ម៉ូតូ​ចាក់​សាំង​សុខ​ៗ​ក៏​ត្រូវ​បុរស​ស្លៀកពាក់​ស៊ី​វិល​២​នាក់​ជិះ​ម៉ូតូ​ណៃ​ហត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ១​គ្រឿង​បាន​មក​វាយ​បណ្តាល​ឲ្យ​ម្នាក់​រង​របួស​បែកក្បាល និង​ម្នាក់​ទៀត​ទ្រោម​ខ្លួន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បងប្អូន​ឈប់​ម៉ូតូ​ចាក់​សាំង​សុខ​ៗ​ក៏​ត្រូវ​បុរស​ស្លៀកពាក់​ស៊ី​វិល​២​នាក់​ជិះ​ម៉ូតូ​ណៃ​ហត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ១​គ្រឿង​បាន​មក​វាយ​បណ្តាល​ឲ្យ​ម្នាក់​រង​របួស​បែកក្បាល និង​ម្នាក់​ទៀត​ទ្រោម​ខ្លួន ហើយ​បាន​ទូរស័ព្ទ​ហៅ​ប៉េ​អឹ​ម​ក្រុង​១​ឡាន​មាន​គ្នា​ប្រមាណ​១០​នាក់​មក​ចាប់ខ្លួន​យុវជន​២​នាក់​បងប្អូន​នោះ​ញាត់​ចូល​រថយន្ត​យក​ទៅ​ទី​បញ្ចា​ការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​បាត់ ទៀត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល​តិច​ស្តុ​បបូ​គោ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស កែង​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

យុវជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​មិន​មាន​នរណា​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ ។ ចំណែក​បុរស​ស្លៀកពាក់​ស៊ី​វិល ជិះ​ម៉ូតូ​ណៃ​ហត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 09-1-1133 មួយ​គ្រឿង​ដែល​បាន​មក​វាយ​យុវជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បណ្តាល​ឲ្យ​បែកក្បាល ហើយ​ហៅ​ប៉េ​អឹ​ម​ក្រុង​១​ឡាន​មក​ចាប់​ទៀត​នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ដែរ តែ​មាន​ប្រភព​ព័ត៌មាន​ខ្លះ​ដែល​ស្គាល់​ជន​ស្លៀក​ស៊ី​វិល​ទាំង​២​នាក់​នោះ​បាន​លួច​បង្ហើប​ប្រាប់​ថា​ជន​ទាំង​២​នាក់​នោះ​ជា​គ្រូបង្រៀន​តៃ​ក្វា​ន់​ដូ​នៅ​ប៉េ​អឹ​ម​ក្រុង​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​ទាំង​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1N-6830 បាន​បត់​ចូល​មក​ចាក់​សាំង​កាល់​តិច​នៅ​ស្តុ​បបូ​គោ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ចាក់​សាំង​ស្រាប់តែ​មាន​បុរស​មាឌធំ​២​នាក់​ស្លៀកពាក់​ស៊ី​វិល​ជិះ​ម៉ូតូ​ណៃ​ហត ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ពណ៌​ខ្មៅ មក​ឈប់​ក្បែរ​ពួក​គេ​ហើយ​បាន​ចុះ​មក​វាយ​យុវជន​២​នាក់​នោះ​បណ្តាល​ឲ្យ​ម្នាក់​បែកក្បាល​ឈាម​ស្រោច​ជោគ​ខ្លួន និង​ម្នាក់​ទៀត​រង​របួសស្រាល បន្ទាប់​មក​បុរស​ដែល​វាយ​គេ​នោះ​បាន​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់​ទៅ​សល់ តែ​បុរស​ម្នាក់​ដែល​ជា​គ្នីគ្នា​នៅ​កន្លែង​កើតហេតុ ហើយ​បុរស​មាឌធំ​ដែល​នៅ​កន្លែង​កើតហេតុ​នោះ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ជា​គ្រូបង្រៀន​តៃ​ក្វា​ន់​ដូ​នៅ​ប៉េ​អឹ​ម​ក្រុង​នោះ​ផង​ដែរ បានរ​ត់ទៅ​ដក​សោ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៀត និង​បាន​និយាយ​ថា ចាំ​មួយ​ភ្លែត​ទៅ​ចាំ​គាត់​ដោះស្រាយ​ឲ្យ ជន​រង​គ្រោះ​បាន​សុំ​សោ​ម៉ូតូ​ពី​បុរស​មាឌធំ​វិញ ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ទេ ព្រោះ​អ្នក​វាយ​បាន​រត់​បាត់​ហើយ មិនដឹង​ប្តឹង​ធ្វើ​អី​ទេ តែ​បុរស​នោះ​មិន​នៅ​តែ​មិន​ព្រម​ឲ្យ​សោ​ម៉ូតូ​ទៅ​ជន​រង​គ្រោះ​នោះ​ទេ ។

ប្រជាជន​នៅ​កន្លែង​កើតហេតុ​ក៏​បាន​និយាយ​ទៅ​កាន់​បុរស​នោះ​គ្រប់​គ្នា​ដែរ​ថា បើក​ជន​រង​គ្រោះ​បែកក្បាល​ប៉ុន្នឹង​ហើយ គ្នា​សុំ​តែ​សោ​ម៉ូតូ​ជិះ​ទៅ​ផ្ទះ​វិញ​មិច​មិន​ឲ្យ​គ្នា​ទៅ ។ បុរស​មាឌធំ​នោះ​និយាយ​ថា ចាំ​១០​នាទី​ទៀត​ទៅ​ឡាន​មក​យក​ហើយ ទើបតែ​៥​នាទី​សោះ​ក៏​ឃើញ​រថយន្ត​របស់​បញ្ចា​ការដ្ឋាន​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ បើក​មក​រួម​ទាំង​កងរាជអាវុធហត្ថ​ជិត​១០​អ្នក​បាន​មក​ក្របួច​យុវជន​២​អ្នក​នោះ​បោះ​ចូល​រថយន្ត​ទាំង​ប្រជាពលរដ្ឋ​នៅ​កន្លែង​ចោមរោម​មើល​បែប​នេះ ។

ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ជន​បង្ក​មិន​ទៅ​តាម​ចាប់​បែរជា​មក​ចាប់​គ្នា​ដែល​ជា​ជន​រង​គ្រោះ​ទាំង​ឈាម​ស្រោច​ខ្លួន​បែប​នេះ​ទៅ​វិញ ហើយ​ប្រជាពលរដ្ឋ​ពិតជា​ឆ្ងល់​ណាស់​ថា បុរស​មាឌធំ​នេះ​អាច​ហៅ​កំលាំង​កង​រាជ​អ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​មក​មួយ​ឡាន​មក​បែប​នេះ តើ​គាត់​ជា​អ្វី​ទៅ ។
ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ ប្រជាពលរដ្ឋ​នឹង​រង់ចាំ​មើល​ការ​បំភ្លឺ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថា​តើ​នៅ​ក្នុង​ករណី​ឃាត់ខ្លួន​យុវជន​២​នាក់​នេះ​បង្ក​ឡើង​ពី​មូលហេតុ​អ្វី បានជា​អ្នក​វាយ​ត្រូវ​បាន​រួចខ្លួន ហើយ​ជន​រង​គ្រោះ​បែរជា​ត្រូវ​ចាប់ខ្លួន​ទៅ​វិញ ម្យ៉ាងវិញទៀត​ករណី​នេះ​កម្លាំង​កងរាជអាវុធហត្ថ​មិន​បានដឹង​ឮ​នោះ​ទេ ព្រោះ​បន្ទាប់​ពី​វាយ​យុវជន​២​នាក់​នោះ​ភ្លាម ៥​នាទី​ក្រោយមក​ក៏​មាន​រថយន្ត​របស់​បញ្ចា​ការដ្ឋាន​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​មក​ចាប់​យក​ទៅ​ភ្លាម​ដែរ ៕