ខេត្តកំពង់ឆ្នាំង ៖ ក្នុងសំណុំរឿងស៊ើបអង្កេតយ៉ាងក្តៅគគុករបស់សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងករណីចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំបានសម្រច រួចវាយប៉ងសម្លាប់បំបិតមាត់ ហើយប្រឌិតថាជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមជ្ឍដ្ឋាននានាទូទាំងប្រទេសថ្កោលទោស និងរង់ចាំមើលស្នាដៃរបស់សមត្ថកិច្ចនោះ ពេលនេះបានឃាត់ខ្លួននារីសង្ស័យម្នាក់ហើយ ក្នុងបទចោទប្រកាន់ពីបទ «ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ» ហើយត្រូវបានតុលាការខេត្តសម្រចឃុំខ្លួននារីសង្ស័យរូបនោះដាក់ពន្ឋនាគាររួចហើយដែរកាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១៥នេះ បន្ទាប់ពីលោកព្រះរាជអាជ្ញា និងលោកចៅក្រមសាកសួររយៈពេល២ថ្ងៃរួចមក ។
ក្នុងរបាយការណ៍យ៉ាងវែងរបស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ថ្ងៃទី២១ កញ្ញា ២០១៥ នារីសង្ស័យឈ្មោះ ស៊ីន ស្រីភាស់ អាយុ១៦ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានបបួលក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ និងកុមារា១១ឆ្នាំម្នាក់ទៀតទៅមើលការប្រគុំតន្ត្រីពាណិជ្ជកម្មកម្ពុជា-ថៃ នៅក្នុងស្តាតចាស់ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ។ ពេលនោះឈ្មោះ ស៊ីន ស្រីភាស់ បានជួបនិងមនុស្សប្រុស៣នាក់ ក្នុងនោះមានម្នាក់គឺជាសង្សារបស់នាង ។ ក្រោយពីមើលការប្រគុំតន្ត្រីរួច ទាំងអស់គ្នាមាន៦នាក់ គឺក្មេងស្រីរងគ្រោះ, ឈ្មោះ ស៊ីន ស្រីភាស់, ក្មេងប្រុសអាយុ១១ឆ្នាំ(ឈ្មោះណូ) ដែលទៅជាមួយមនុស្សប្រុស៣នាក់ ក៏បាននាំគ្នាមកអង្គុយលេងនៅសួនច្បារកង្រី បន្ទាប់មកមនុស្សប្រុស៣នាក់ដែលមកជាមួយ បានដើរចូលទៅក្នុងមតេយ្យសាលាគំរូក្រុងបាត់ទៅ ហើយឈ្មោះ ស៊ីន ស្រីភាស់ បានអូសដៃក្មេងស្រីរងគ្រោះចូលតាមក្រោយ ទោះនាងប្រកែកក៏ដោយ ចំណែកកុមារាអាយុ១១ឆ្នាំមិនបានទៅជាមួយទេ ។ ពេលចូលដល់ក្នុងបរិវេណសាលារៀន ស្រាប់តែមនុស្សប្រុស២នាក់បានចាប់ក្មេងស្រីរងគ្រោះរំលោភ ចំណែកមនុស្សប្រុសម្នាក់ទៀតបានទៅជួបជាមួយនារីឈ្មោះ ស៊ិន ស្រីភាស់ ដែលនៅមិនឆ្ងាយពីក្មេងស្រីរងគ្រោះដែលកំពុងត្រូវគេចាប់រំលោភនោះទេ ទោះនាងស្រែកឲ្យ «បងភាស់» ជួយផង ក៏ពួកគេ២នាក់នោះធ្វើមិនដឹងដែរ ។
របាយការណ៍ដដែលបានបញ្ចាក់ថា ក្រោយពេលចេញពីក្នុងបរិវេណសាលាវិញ ក្មេងស្រីរងគ្រោះដោយការឈឺចាប់ពេក ដើរបណ្តើរជេរបណ្តើរ ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់នោះវ៉ៃនឹងវត្ថុរឹងពីក្រោយបណ្តាលឲ្យដួលសន្លប់នៅដី បន្ទាប់មកទើបមានអ្នកទូរស័ព្ទទៅឪពុកម្តាយនាងប្រាប់ថា នាងគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូបុក និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ របាយការណ៍បានបន្តដោយស្រង់សំដីរបស់ម្តាយក្មេងស្រីរងគ្រោះថា ពេលបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ ដោយសាររងរបួសធ្ងន់ផ្នែកក្បាល គ្រូពេទ្យបានធ្វើការសុងប្រដាប់ភេទនាងបានដឹងថា កុមារីរងគ្រោះមានរបួសប្រដាប់ភេទ ដោយការរំលោភ ស្ត្រីជាម្តាយឆ្ងល់ថា បើគ្រោះថ្នាក់ចរាចរណ៍ម៉េចបានជារបួសប្រដាប់ភេទទៅវិញ? រយៈពេល៩ថ្ងៃក្រោយមក ពេលក្មេងស្រីរងគ្រោះដឹងខ្លួនវិញ បានប្រាប់រឿងរ៉ាវទាំងអស់ប្រាប់ឪពុកម្តាយនាង ហើយក៏បានមកដាក់ពាក្យបណ្ដឹងនៅនគរបាលខេត្តតែម្តង ។
ក្នុងរបាយការណ៍ឲ្យដឹងទៀតថា នារីសង្ស័យមិនបានឆ្លើយសារភាពនោះទេ តែមានចម្លើយខ្លះដែលអាចដាក់បន្ទុកបាន រួមផ្សំមានសាក្សីបានដឹងថា នារីសង្ស័យបានធ្លោយប្រាប់គេថា ក្មេងស្រីរងគ្រោះមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេ គឺគេខឹងនិងវាជេរម៉្រាយគេ ។
ដោយសារតែនារីសង្ស័យមិនព្រមសារភាពបែបនេះហើយទើបធ្វើឲ្យមានការលំបាកដល់សមត្ថកិច្ចស្រាវជ្រាវចាប់ជនដៃដល់នៅឡើយ តែពេលនេះកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ៕
ចែករំលែកព័តមាននេះ