ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានស្លាប់ និងកូនប្រុស-ស្រី២នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបដឹកគោយន្តកន្ត្រៃ និងរ៉ឺម៉កម៉ូតូ កាលពីល្ងាចថ្ងៃទី៥ វិច្ឆិកា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ឹម លីន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ ម៉ុម ដូប ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាម និងកូនបង្កើត២នាក់រងរបួសធ្ងន់ ១-ឈ្មោះ ណាង គង់ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើករ៉ឺម៉កម៉ូតូ និង ២-ឈ្មោះ ណាង ដានី ភេទស្រី អាយុ២២ឆ្នាំ ។
លោកអនុសេនីយ៍ទោ លឹម ឆៃហៀក នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានឲ្យដឹងថា បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុប ម៉ាកហ៊្វុយហ្សូ ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0467 ដឹកគោយន្តកន្ត្រៃ បើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បុករ៉ឺម៉កម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់២នាក់ ហើយអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។ ប្រភពបានបន្តថា ជនរងគ្រោះទាំង៣នាក់ម្តាយកូន មុនពេលកើតហេតុបាននាំគ្នាជិះរ៉ឺម៉កម៉ូតូរបស់ខ្លួនយកដីរ៉ែមាសមកលក់នៅស្រុកស្ទោង ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ។ ចំណែករថយន្តបង្កដឹកគោយន្តកន្ត្រៃចេញពីខេត្តបន្ទាយមានជ័យយកមកដាក់នៅកន្លែងចែកចាយក្នុងខេត្តកំពង់ធំ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសបញ្ជូនទៅសង្គ្រោះ ចំណែករថយន្តបង្ក និងរ៉ឺម៉កម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ