ខេត្តកំពង់ស្ពឺ ៖ មនុស្សមួយក្រុមតាំងខ្លួនឯងជាអ្នកកាសែតបានដាក់ប៉ុស្តិ៍កុងត្រូលស្ទាក់យកលុយពីប្រជាពលរដ្ឋដែលដឹកអនុផលព្រៃឈើទាំងយប់នៅចំណុចតាក្រាំង ជិតរង្វង់មូលផ្សារកន្ទួត ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានមនុស្សមួយក្រុមមានគ្នា៤-៥នាក់ ជិះរថយន្ត២គ្រឿងបានមកដាក់កុងត្រូលស្ទាក់យកលុយពីពួកគាត់ដែលដឹកអនុផលព្រៃឈើនៅចំណុចតាក្រាំង ជិតរង្វង់មូលផ្សារកន្ទួត ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយក្នុង១គោយន្តទារពី១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល ហើយគំរាមពួកគាត់ថា បើមិនឲ្យពួកគេទេ ពួកគេនឹងប្តឹងទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឲ្យមកចាប់ពួកគាត់យកទៅកាត់ទោសតាមច្បាប់ ។
ប្រភពបានឲ្យដឹងទៀតថា មនុស្សមួយក្រុមនោះបានអះអាងថា អ្នកខ្លះធ្វើការនៅកាសែតដែលមិនសូវល្បីឈ្មោះ ខ្លះជាអ្នកធ្វើការនៅទូរទស្សន៍ដែលទើបបើកថ្មី និងខ្លះទៀតអះអាងថាជាអតីតពិធីករនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសលោកអភិបាលខេត្តកំពង់ស្ពឺ សូមមេត្តាជួយចាត់វិធានការចំពោះក្រុមដែលតាំងខ្លួនជាអ្នកកាសែតមកដាក់កុងត្រូលស្ទាក់យកលុយពីប្រជាពលរដ្ឋទាំងនេះផង ៕
ចែករំលែកព័តមាននេះ