រាជធានីភ្នំពេញ ៖ ជាងម៉ាស៊ីនផលិតដែកគោលម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងចោលគូដណ្ដឹង ដែលតាមការអះអាងពីក្រុមគ្រួសារថា ពួកគេនៅសល់តែជាង១ខែទៀត ប៉ុណ្ណោះនឹងត្រូវចូលរោងការហើយ ប៉ុន្តែជាអកុសលពេលនេះ ខាងប្រុសបានលាចាកលោកចោលខាងកូនក្រមុំបាត់ទៅហើយ ដែលបានធ្វើឲ្យនាងជាគូដណ្ដឹងស្រែកទ្រហោយំគួរឲ្យសង្វេគបំផុត។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៣ វិច្ឆិកា ២០១៥ នៅចំណុចក្នុងសិប្បកម្មផលិតដែកគោល ស្ថិតក្នុងភូមិខ្វាលិច សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះហ៊ុយ សុគង់ អាយុ២៣ឆ្នាំ មុខរបរមេជាងម៉ាស៊ីនផលិតដែកគោល ស្នាក់នៅក្នុងសិប្បកម្មផលិតដែកគោលខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ាស៊ីនផលិតដែកគោលបានខូចមិនដំណើរការ ពេលនោះយុវជនរងគ្រោះបានធ្វើការជួសជុលដោយបានយកម៉ូទ័រស្វានដែកទៅស្វានរន្ធខ្ចៅម៉ាស៊ីននោះ ជាអកុសលម៉ូទ័រឆ្លងចរន្ត បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ ប៉ុន្តែដោយសារមិនអស់ចិត្តថា ជនរងគ្រោះស្លាប់មិត្តភក្ដិរួមការងារបានលើកជនរងគ្រោះដឹកតាមម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខណ្ឌដង្កោ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។ ប៉ុន្តែពេលទៅដល់ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
នាងក្រមុំម្នាក់ឈ្មោះរស់ ធារ៉ា អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ បានឲ្យដឹងថា នាងគឺជាគូដណ្ដឹងរបស់យុវជនរងគ្រោះ មានស្រុកកំណើតនៅក្នុងភូមិ-ឃុំជាមួយគ្នា ហើយនៅសល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ពួកនាងនិងត្រូវចូលរោងការក្លាយទៅជាប្ដីប្រពន្ធនឹងគ្នាហើយ។ ប៉ុន្តែពេលនេះអ្វីៗត្រូវបានចប់សព្វគ្រប់អស់ហើយ ពួកនាងបានព្រាត់ប្រាស់គ្នា ដោយគ្មានថ្ងៃបានជួបវិញឡើយ ព្រោះគូដណ្ដឹងជាទីស្រលាញ់ស្មើជីវិតបានលាចាកលោកចោលរូបនាងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ។
ក្រោយពេលកើតហេតុកម្លាំងប៉ូលិសខណ្ឌដង្កោ និងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច្ច័យរួចរាល់បានប្រគល់ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ចែករំលែកព័តមាននេះ