ខេត្តបាត់ដំបង ៖ ក្រុមក្មេងជំទង់ចំនួន៩នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៥ បន្ទាប់ពីមានការសង្ស័យថា បានសមគំនិតគ្នាក្នុងការគំរាមកំហែងយកលុយប្រចាំថ្ងៃ និងដាក់ខែពីកូនប្រុសថៅកែស្ថានីយប្រេងមួយកន្លែងនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ជាថ្នូរនឹងការមិនទម្លាយរឿងស្នេហាប្រាប់ឪពុកម្ដាយ ដែលកើតឡើងតាំងពីចុងឆ្នាំ២០១៤រហូតមកដល់ពេលនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា លោកស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ធាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បើកប្រតិបត្តិការភ្លាមៗលើករណីនេះ បន្ទាប់ពីអាណាព្យាបាលជនរងគ្រោះដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ លី ឆៃតាក់ ប្រុសអាយុ១៦ឆ្នាំ ជាកូនប្រុសថៅកែស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ។ រីឯក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ ស៊ុគ លីឆាយ អាយុ១៧ឆ្នាំ, ២-ឈ្មោះ ហម ស្ថាបនា អាយុ១៨ឆ្នាំ, ៣-ឈ្មោះ យូ មករា អាយុ១៦ឆ្នាំ, ៤-ឈ្មោះ វុន ប៊ុនរ៉ុង អាយុ១៧ឆ្នាំ, ៥-ឈ្មោះ រុណ សួស្ដី អាយុ១៧ឆ្នាំ, ៦-ឈ្មោះ សត់ សុកន អាយុ១៧ឆ្នាំ, ៧-ឈ្មោះ ភីន ឆានុត អាយុ១៥ឆ្នាំ, ៨-ឈ្មោះ មេន ស៊ីង អាយុ១៧ឆ្នាំ និង ៩-ឈ្មោះ ហែម ស៊ីណា អាយុ១៧ឆ្នាំ ពួកគេទាំងអស់គ្នាជាយុវសិស្សរៀនជាមួយជនរងគ្រោះនៅវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រុមក្មេងជំទង់ទាំងនេះត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងយកប្រាក់ពីជនរងគ្រោះស្ទើរតែរាល់ថ្ងៃជាថ្នូរនឹងការមិនទម្លាយនូវរឿងស្នេហាប្រាប់ឪពុកម្ដាយជនរងគ្រោះ ។ លោកថា បើតាមចម្លើយរបស់ពួកគេ គឺពួកគេបានសម្លុតជនរងគ្រោះយកលុយតៗគ្នា ដោយសារឃើញមិត្តភក្ដិពួកគេប្រើវិធីនេះយកលុយពីជនរងគ្រោះបានងាយៗ ។ លោក ជេត វណ្ណនី បញ្ជាក់ថា ពួកគេបានប្រើវិធីនេះវិលជុំ ដើម្បីគំរាមកំហែងយកលុយពីជនរងគ្រោះស្ទើរតែរាល់ថ្ងៃ និងខ្លះទៀតគំរាមយកលុយប្រចាំខែ ចាប់តាំងពីចុងឆ្នាំ២០១៤រហូតមក ហើយទើបបែកធ្លាយប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីអាណាព្យាបាលជនរងគ្រោះមានការសង្ស័យពីរឿងបាត់ប្រាក់ចំណូល ទើបប្ដឹងឲ្យសមត្ថកិច្ចជួយចាត់ការតែម្ដង ។
ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចស្រង់សំដីថា ពួកគេពិតជាបានប្រើគំនិតទុច្ចរិតវិលជុំ ដើម្បីគំរាមយកប្រាក់ពីកូនប្រុសថៅកែស្ថានីយប្រេងខាងលើនេះមែន ។ ពួកគេនិយាយថា ឈ្មោះ លី ឆៃតាក់ បានស្រលាញ់នារីម្នាក់ រហូតលួចទិញគ្រឿងអលង្ការឲ្យនាងជាញឹកញ៉ាប់ទៀតផង ទើបពួកគេយកលេសត្រង់ចំណុចខ្សោយនេះគំរាមយកលុយពីជនរងគ្រោះជាបន្តបន្ទាប់តែម្ដង ជាថ្នូរនឹងការមិនទម្លាយរឿងនេះប្រាប់ឪពុកម្ដាយជនរងគ្រោះ ។
សមត្ថកិច្ចក៏បាននិយាយដែរថា ក្រុមជនសង្ស័យបានយករឿងនេះធ្វើជាលេសដើម្បីគំរាមកំហែងយកលុយពីជនរងគ្រោះ ហើយជនរងគ្រោះចេះតែឲ្យលុយពួកគេស្ទើររាល់ថ្ងៃ ព្រោះតែខ្លាចបែកការណ៍ ។ មន្ត្រីដដែលបញ្ជក់ថា បើតាមចម្លើយថា ជនខ្លះគំរាមទារលុយប្រចាំថ្ងៃចាប់ពី១០០ដុល្លាឡើងទៅ រីឯខ្លះទៀតគំរាមទាប្រាក់ចាំខែតែម្ដង ។
លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានបញ្ជាក់ដែរថា គ្រាន់តែសំណុំរឿងស្នេហាសោះ ត្រូវជនសង្ស័យទាំងហ្វូងព្រួតគ្នាគំរាមកំហែងយកប្រាក់ពីសាមីខ្លួនអស់រយៈពេលជាង១ឆ្នាំយ៉ាងស្ងាត់ស្ងៀម ។ លោកបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យអាចត្រូវចោទប្រកាន់ពីបទ «កំហែងយក» បើតុលាការរកឃើញកំហុស ។ តែយ៉ាងណានេះគ្រាន់តែជាចម្លើយបឋមតែប៉ុណ្ណោះ ហើយសមត្ថកិច្ចនឹងបន្តការសួរនាំបន្ថែមទៀតអំពីបញ្ហានេះ មុនពេលបញ្ជូនខ្លួនពួកគេទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ