រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរខ្លាំងដោយដេកក្នុងថ្លុកឈាមខណៈដើរឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័របុកហើយកិនបញ្ឆិតខ្លួន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី០២ វិច្ឆិកា ២០១៥ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ឡើងស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1Y-8904 ហើយត្រូវឡានពេទ្យដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុពេលមេឃកំពុងភ្លៀងផងនោះ គេឃើញបុរសរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុក៏ឈប់ម៉ូតូនៅចិញ្ចើមថ្នល់ ហើយដើរឆ្លងថ្នល់ប្រហែលជាទៅរកទិញកាតទូរស័ព្ទ ពេលឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តកុងតឺន័រមកដល់បុកហើយកិនបញ្ឆិតខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ។ ភ្លាមៗនោះរថយន្តកុងតឺន័របានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ចំណែកជនរងគ្រោះត្រូវបានឡានពេទ្យដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបាត់សមាជិកដោយមានជិះម៉ូតូដូចមានរៀបរាប់ខាងលើទំនាក់ទំនងមក ដើម្បីយកត្រឡប់ទៅវិញ ចំណែកជនរងគ្រោះកំពុងធ្វើការសង្គ្រោះនៅមន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រោះស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ