ខេត្តកំពង់ចាម ៖ រថយន្តបាឡែនពណ៌ទឹកប្រាក់១គ្រឿង ពាក់ស្លាកលេខភ្នំពេញ ២AB-៧១៣៥ បានបើកបោះពួយនៅលើផ្លូវជាតិលេខ៧២ទៅបុកក្មេងប្រុសម្នាក់ឈ្មោះ យ៉ុន ដា អាយុ៥ឆ្នាំ ត្រង់ចំណុចអូរត្រង ស្ថិតក្នុងភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៦ តុលា បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយមកក៏បានស្លាប់នៅមន្ទីរពេទ្យ ចំណែករថយន្តវិញបានបើករត់ពីកន្លែងកើតហេតុជាច្រើនគីឡូម៉ែត្រទៅលាក់ទុកនៅក្នុងព្រៃចម្ការកៅស៊ូព្រៃរំដេង ហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ ។
តាមប្រភពពីសមត្ថកិច្ចដែលចុះអន្តរាគមន៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះឈ្មោះ ដា បានរត់បង្ហោះក្លែងលេងឆ្លងផ្លូវជាតិលេខ៧២ ស្របពេលរថយន្តបើកក្នុងទិសដៅពីរង្វង់មូលតាដំបងគ្រញូងឆ្ពោះទៅកាន់ច្រកអន្តរជាតិត្រពាំងថ្លុង ស្រុកពញាក្រែក ក៏បានបុកក្មេងនេះពេញទំហឹងផ្លោងជាច្រើនម៉ែត្ររងរបួសជាទម្ងន់ ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកក្មេងប្រុសរងគ្រោះក្រោយពីបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកមិនបានប៉ុន្មានផង ក៏បានស្លាប់បាត់បង់ជីវិតដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរគ្រូពេទ្យមិនអាចជួយសង្គ្រោះបានប្រគល់ឲ្យឪពុកម្ដាយដឹកសពកូនត្រឡប់មកផ្ទះវិញចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះជនណាដែលបើកបរធ្វេសប្រហែសបង្កឱ្យអ្នកដទៃស្លាប់នឹងត្រូវដាក់ពន្ធនាគារពី១ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល ៕
ចែករំលែកព័តមាននេះ