ខេត្តស្វាយរៀង ៖ ចោរមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងបានវាយបំបែកទូដូរលុយ ប្លន់យកលុយអស់៣លានរៀល និង៧០០ដុល្លារ រួចនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន តែត្រូវអ្នកស្រុកឃើញទាន់នាំគ្នាស្រែកឆោឡោ និងប្តឹងសមត្ថកិច្ចពទ្ធ័ចាប់បានម្នាក់ និងម៉ូតូម៉ាកស្កុបពី១គ្រឿង ។ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ តុលា ២០១៥ នៅចំណុចផ្ទះដូរលុយ និងលក់គ្រឿងទេសនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ដួង សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងមានស្រុកកំណតើនៅភូមិស្នេហ៍រៃ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រមទាំងដកហូតបានម៉ូតូ១គ្រឿងម៉ាកស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AW-9863 ដែលជិះសកម្មភាព ។ ចំណែកម្ចាស់ផ្ទះរងគ្រោះឈ្មោះ នុត ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅកន្លែងកើតហេតុ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា មុនពេលកើតហេតុ គ្រួសារជនរងគ្រោះបានចូលហូបបាយនៅខាងក្រោយផ្ទះ ស្រាប់តែមានក្រុមចោរមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងបានចូលទៅផ្ទះដូរលុយ និងលក់គ្រឿងទេសដូចរកទិញអ្វី ក៏ប៉ុន្តែដោយឃើញឱកាសល្អម្ចាស់ហូបបាយក្រោយផ្ទះក៏ធ្វើសកម្មភាពប្លន់ដោយចោរម្នាក់ចូលវាយបំបែកទូយកប្រាក់អស់៣លានរៀល និង៧០០ដុល្លារ រួចនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន ក៏ប៉ុន្តែត្រូវអ្នកជិតខាងឃើញក៏ស្រែកឆោឡោ ប្តឹងសមត្ថកិច្ច និងជិះម៉ូតូដេញតាមពីក្រោយ និងឲ្យសមត្ថកិច្ចស្ទាក់ពទ្ធ័ចាប់ ធ្វើឲ្យក្រុមចោរភិតភ័យបើកម៉ូតូគេចខ្លួនប្រមាណជាង១០គីឡូម៉ែត្រ ហើយបានផ្តួលម៉ូតូស្កុបពីចោលរត់ចូលព្រៃ ក៏ត្រូវសមត្ថកិច្ចពទ្ធ័ចាប់បានម្នាក់ និងម៉ូតូស្កុបពី១គ្រឿងនៅវេលាម៉ោង១រសៀល ហើយបានបញ្ជូនទៅអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីសាកសួររកបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ