រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៥ តុលា នេះ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ត្រូវរថយន្តក្រុងដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញមួយគ្រឿងបើកកៀរ និងកិនស្លាប់ភ្លាមៗនៅកន្លែងលើផ្លូវសហព័ន្ធរុស្ស៊ី មុខវត្តវង្កុដបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្មេងប្រុសរងគ្រោះឈ្មោះរស់ រត្នបញ្ញា អាយុ១៣ឆ្នាំ ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកToday ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១FD៧៨៥៣ ចំណែករថយន្តក្រុងដឹកអ្នកដំណើរម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខរដ្ឋ៣៧៣០០៤៩ មានលេខសម្គាល់០៣។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើធ្វើដំណើរពីលិចទៅកើត ពេលដល់ចំណុចកើតហេតុរថយន្តបានបើកអែបចូលចិញ្ចើមផ្លូវបម្រុងដាក់អ្នកដំណើរស្រាប់តែកៀរក្មេងប្រុសរងគ្រោះដែលកំពុងជិះម៉ូតូស្របទិសគ្នាបណ្តាលឱ្យដួល រួចកិនក្មេងប្រុសរងគ្រោះស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ