ខេត្តត្បូងឃ្មុំ ៖ ម៉ូតូម៉ាកយ៉ាម៉ាហា១គ្រឿងបានបើកយ៉ាងលឿនទៅកៀរខឿនចិញ្ចើមស្ពានគីហ្ស៊ុណាត្រង់ចំន្លោះបង្គោលទី១១និង១២ ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ភ្លាមៗ និងរងរបួសធ្ងន់ម្នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៣ តុលា ២០១៥ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ លីវ ឆៃលីម ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះ ឡុច ភេទប្រុស អាយុប្រហែលគ្នា ។
ប្រភពពីមន្ត្រីនគរបាលការពារស្ពានគីហ្ស៊ុណាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកយ៉ាម៉ាហា១គ្រឿងជិះគ្នា២នាក់ចេញពីទិសខាងកើតមកលិចដើម្បីឆ្លងស្ពានគីហ្ស៊ុណាចូលក្រុងកំពង់ចាម តែដោយសារអ្នកបើកម៉ូតូនោះបានប្រើប្រាស់ល្បឿនលឿនកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅកៀរចិញ្ចើមស្ពាន បណ្តាលឲ្យដួលបែកផ្កាភ្លើងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។ នគរបាលការពារស្ពានបានប្រាប់បន្តថា ក្នុងពេលដែលជិះម៉ូតូនោះបុរសទាំង២នាក់នេះមិនបានពាក់មួកសុវត្ថិភាពនោះទេ ។
ក្រោយពីមានហេតុការណ៍នេះ សមត្ថកិច្ចបានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យខេត្តកំពង់ចាម មកដឹកអ្នករបួស និងអ្នកស្លាប់ទៅកាន់មន្ទីរពេទ្យ ដោយអ្នករងរបួសត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះ ចំណែកអ្នកស្លាប់វិញរក្សាទុកនៅក្នុងសាលដាក់សព ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ