រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសេ១២៥ពីរគ្រឿងនៅចំណុចមុខសាលាបឋមសិក្សាកន្ទោក តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជិវិតមានឈ្មោះ ស៊ុន សំ អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-4975 ជិះដោយបុរស២នាក់ ក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ជិះដោយបុរសម្នាក់ក្នុងទិសដៅពីលិចកើតទៅលិច (បញ្ច្រាសទិសដៅចរាចរណ៍) ខណៈមកដល់កន្លែងកើតហេតុម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ បម្រុងបត់ស្តាំទៅផ្លូវអាទិភាពវិញ ក៏បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស៊េរីឆ្នាំ២០១៥ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកបុរស២នាក់ទៀតដែលជិះម៉ូតូស៊េរី២០១១ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍បានមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះក្រោយពីពិនិត្យរួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ