ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​៣​នាក់​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​ប្រមូល​មាសប្រាក់​អស់​ជា​ច្រើន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​បាន​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​ប្រមូល​យក​មាសប្រាក់​​ជា​ច្រើន​រួច​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់

ខេត្ត​ប៉ៃលិន ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​បាន​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​ប្រមូល​យក​មាសប្រាក់​​ជា​ច្រើន​រួច​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២២ តុលា ២០១៥ ខណៈ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី ឈ្មោះ ទឺ ទួន អាយុ​៤៨​ឆ្នាំ ជា​កសិករ របួស​ភ្នែក​ខាងឆ្វេង ឯ​ប្រពន្ធ​ឈ្មោះ ពៅ សាលី អាយុ​៤៦​ឆ្នាំ របួស​ជាំ​ដៃ​ទាំង​សងខាង ដោយ​ត្រូវ​ចោរ​យក​កាំភ្លើងខ្លី​វាយ​បង្ខំ​ឱ្យ​ដោះ​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​១​ជី​កន្លះ ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​១​ជី និង​លុយ​ចំនួន​១​លាន​៨០​ម៉ឺន​រៀល ។

ប្រភព​ព័ត៌មាន​ពី​លោក ជូ ឃី អាយុ​៥៨​ឆ្នាំ ជា​មេ​ភូមិ​ថ្នល់ទទឹង បានឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ ខណៈ​ជន​រង​គ្រោះជា​ប្តី​កំពុង​អង្គុយ​មើល​កូន​របស់​ខ្លួន​ព្យួរសេរ៉ូម​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ ហើយ​ស្ត្រី​ជា​ប្រពន្ធ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ ​ស្រាប់តែ​ជនសង្ស័យ​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​កាន់​​កាំភ្លើង​១​ដើម​មក​ភ្ជង់​គំរាម និង​វាយ​ទៅ​លើ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ រួច​ក៏​ភ្ជង់​ឱ្យ​កូន​គាត់​ដែល​កំពុង​ឈឺ​ដាក់​សេរ៉ូម និង​កូន​ម្នាក់​ទៀត​ដោះ​ខ្សែ​ក​ឱ្យ​ពួក​គេ ហើយ​ក៏​មានការ​ប្រតាយប្រតប់​ជាមួយ​ចោរ​ទាំង​អស់នោះ​ផង​ដែរ ។ លោក​បាន​បន្ត​ទៀត​ថា ពេល​នោះ​ពួក​ចោរ​បាន​បាញ់កាំភ្លើង​ដែរ​តែ​ហាក់ដូចជា​មិន​ផ្ទុះ​ឡើយ ។ បន្ទាប់​ពី​បាន​លុយ និង​គ្រឿងអលង្ការ​ ក្រុម​ជន​សង្ស័យ​​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

លោក​មេ​ភូមិ​បញ្ជាក់​ទៀត​ថា មុន​ពេល​ជនសង្ស័យ​ចូល​ភ្ជង់​ប្លន់​នេះ​មាន​ចោរ​ម្នាក់​បាន​ឡើង​ទៅ​លើ​ផ្ទះ​រុះរើ​កកាយ​រក​លុយកាក់​តាំងពី​ពេល​ណា​មក​មិនដឹង​នោះ​ទេ រួច​ទើប​ចុះ​មក​ក្រោម​ហើយ​នាំ​ស្រែក​ប្រាប់​គ្នា​គេ​ពីរ​នាក់​ទៀត​ឱ្យធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឱ្យ​ដោះ​គ្រឿងអលង្ការ​ឱ្យ​ពួក​គេ លុះ​ក្រុម​ចោរ​ចេញ​ផុត​បន្តិច​ក៏​មានការ​ភ្ញាក់ផ្អើល​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​អូរ​អណ្តូង និង​ប៉េ​អឹ​ម ចុះ​ទៅ​អន្តរាគមន៍​ផង​ដែរ ៕