រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយសាររថយន្តបុកបន្តកន្ទុយគ្នាជាច្រើនគ្រឿងកាលពីវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២២ តុលា ២០១៥ នៅចំណុចមុខស្ថានីយសាំងតូតាល់ តាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នានេះមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ហើយបន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបររថយន្តទាំងបានចុះមកសម្រួលគ្នាដោយសន្តិវិធី ។ ដែលនៅក្នុងហេតុការណ៍នេះអ្នកយកព័ត៌មានយើងបានទៅទាន់តែរថយន្ត៦គ្រឿងប៉ុណ្ណោះនៅកន្លែងកើតហេតុ គឺរថយន្តម៉ាក Toyota Tundra ពណ៌ខ្មៅ, រថយន្តម៉ាក Nissan Navara ពណ៌ទឹកប្រាក់, រថយន្តម៉ាក High Lander ពណ៌ទឹកប្រាក់, រថយន្តម៉ាក Prius ពណ៌ស, រថយន្តមិនស្គាល់ម៉ាក ពណ៌ខ្មៅ និង រថយន្តម៉ាក Ford ពណ៌ស ។
ប្រភពបន្តទៀតថា ដោយមានការខូចខាតតិចតួច រថយន្តមិនស្គាល់ម៉ាក និង រថយន្ត Ford សុខចិត្តបញ្ចប់រឿងដោយយកទៅជួសជុលខ្លួនឯង ចំណែករថយន្តម៉ាក Prius ពណ៌ស បានសងទៅរថយន្តម៉ាក High Lander ពណ៌ទឹកប្រាក់ ៨០ដុល្លារអាមេរិក, រថយន្តម៉ាក High Lander ពណ៌ទឹកប្រាក់ សងរថយន្តម៉ាក Nissan Navara ពណ៌ទឹកប្រាក់ ១៥០ដុល្លារអាមេរិក ហើយរថយន្តម៉ាក Nissan Navara ពណ៌ទឹកប្រាក់ សងរថយន្តម៉ាក Toyota Tundra ពណ៌ខ្មៅ ១៥០ដុល្លារដើម្បីបញ្ចប់រឿង ។
បន្ទាប់ពីឯកភាពគ្នាទាំងអស់ហើយរថយន្តទាំងអស់ក៏បានទៅរៀងៗខ្លួន ចំណែកឯរថយន្តម៉ាក Nissan Navara ពណ៌ខ្មៅ ត្រូវបានសមត្ថកិច្ចជួយស្ទូចយកទៅកន្លែងជួសជុលដោយសារបើកទៅមុខមិនកើត ។
នេះគឺជាសន្ដានចិត្តដ៏ល្អគួរយកតម្រាប់តាម ដែលបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ហើយ មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដោយព្រមទទួលយក និងសងសំណងតាមដែលអាចធ្វើទៅបានរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ