រាជធានីភ្នំពេញ ៖ រថយន្តរបស់តារាសំដែងជើងចាស់ ចាន់ តារាទី ត្រូវបុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោគរេពេញផ្លូវទៅបុកចំពីមុខ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២០ តុលា ២០១៥ តាមបណ្តោយផ្លូវបេតុងជិតស្ពានដែកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញតារាសំដែងជើងចាស់ អ្នកនាង ចាន់ តារាទី បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2133 តាមបណ្តោយផ្លូវ៣៧១ ពីជើងទៅត្បូង លុះជិតដល់ស្ពានដែកស្ទឹងមានជ័យក៏បត់ឆ្វេង ខណៈនោះស្រាប់តែបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CY-1138 ក្នុងស្ថានភាពស្រវឹងរេពេញផ្លូវ ហើយក៏មកបុករថយន្តរបស់តារាសំដែងជើងចាស់រូបនេះចំពីមុខយ៉ាងពេញទំហឹងតែម្តង ។
ប្រភពបន្តទៀតថា ភ្លាមៗនោះគេឃើញ អ្នកនាង ចាន់ តារាទី ចុះពីលើរថយន្តមើលរថយន្តរបស់គាត់ខូចខាត និងកំពិតធុងទឹក ក៏ទារសំណង១០០ដុល្លារពីបុរសស្រវឹងស្រារូបនោះ តែដោយបុរសស្រវឹងស្រារូបនោះថាអត់មានលុយ និងជជែកគ្នាអស់រយៈពេលប្រហែលជា៣០នាទីមិនត្រូវគ្នា ក៏ហៅសមត្ថកិច្ចមកយកទាំងម៉ូតូ ទាំងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ