រាជធានីភ្នំពេញ ៖ កម្មករ-កម្មការីចំនួន១៣១នាក់បម្រើការងារនៅក្នុងសិប្បកម្មកាត់«ខាងហ្វូង» ដែលមានទីតាំងស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ សហការគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការជួយសង្គ្រោះភ្លាមៗ ដោយសម្រេចយកសម្ភារប្រើប្រាស់ទាំងអស់ក្នុងសិប្បកម្មលក់ឡៃឡុងឱ្យឈ្មួញម្នាក់(សុំមិនបញ្ចេញឈ្មោះ)ក្នុងតម្លៃទឹកប្រាក់សរុបទទួលបានចំនួន១១៧៥០ដុល្លារអាមេរិក យកមកបើកឧបត្ថម្ភជូនបងប្អូនកម្មករ-កម្មការិនី ខណៈថៅកែជនជាតិចិនរត់ចោលបាត់ ។
ការសម្រេចលក់ឡៃឡុងសម្ភារនេះធ្វើឡើងបន្ទាប់ពីក្រុមកម្មករ-កម្មការីចំនួន១៣១នាក់ដែលបម្រើការងារនៅក្នុងសិប្បកម្មខាងលើបាននាំគ្នាធ្វើកូដកម្មតវ៉ាទាមទារបើកប្រាក់ខែរបស់ខ្លួននៅខាងមុខរោងសិប្បកម្មកាលពីព្រឹកថ្ងៃទី១៩ តុលា ២០១៥ ខណៈដែលថៅកែជនជាតិចិនមិនបើកប្រាក់ខែឱ្យ ហើយរត់ចោលស្រុកបាត់ស្រមោល ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានមានប្រសាសន៍ប្រាប់«កោះសន្តិភាព»នៅល្ងាចថ្ងៃដដែលឱ្យដឹងថា ការដែលលោកសម្រេចលក់ឡៃឡុងសម្ភារទាំងស្រុងក្នុងសិប្បកម្មកាត់ដេរ«ខាងហ្វូង»មានដូចជាតុ ទូ កៅអី ម៉ាស៊ីនកាត់ដេរ និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតជាដើមនោះ គឺដោយមានការឯកភាពទាំងស្រុងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈថៅកែសិប្បកម្មដែលជាជនជាតិចិនបានរត់ចោលស្រុកបាត់ស្រមោលជាច្រើនថ្ងៃ ហើយមិនបើកប្រាក់ប្រចាំខែជូនដល់ក្រុមកម្មករ-កម្មការី ។ លោកអភិបាលរងបន្តថា លោកសម្រេចលក់ឡៃឡុងតែសម្ភារក្នុងសិប្បកម្មដើម្បីប្តូរយកថវិការបើកជូនកម្មករ-កម្មការីទាំង១៣១នាក់ប៉ុណ្ណោះ ចំណែកទីតាំងត្រូវបានប្រគល់ជូនម្ចាស់ដើមគេវិញ ព្រោះថៅកែជនជាតិចិនដែលរត់គេចខ្លួននោះជួលគេបើកអាជីវកម្មតែប៉ុណ្ណោះ ។
ក្រុមកម្មករ-កម្មការីទាំង១៣១នាក់ខាងលើមានការសប្បាយត្រេកអរក្រៃលែងចំពោះចំណាត់ការរបស់អាជ្ញាធរខណ្ឌមានជ័យ ដែលបានត្រិះរិះរកគ្រប់វិធីដោះស្រាយជូនពួកគេនាពេលនេះ ។ បន្ទាប់ពីលក់ឡៃឡុងសម្ភារហើយនោះ ក្រុមកម្មករ-កម្មការិនីក៏បានទទួលថវិការប្រចាំខែរបស់ខ្លួនគ្រប់ៗគ្នា និងពេញលេញ មិនមានខ្វះមួយសេនឡើយ ហើយពួកគេទទួលយកទាំងទឹកមុខញញឹមពព្រាយ ។
សូមបញ្ជាក់ថា មួយរយៈកន្លងមកនេះ គេតែងតែសង្កេតឃើញលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យចុះដោះស្រាយវិវាទជាច្រើនរបស់ប្រជាពលរដ្ឋ សិប្បកម្ម រោងចក្រ និងការតវ៉ា ឬកូដកម្មជាច្រើនទៀតក្នុងមូលដ្ឋានរបស់ខ្លួន ។ ទន្ទឹមនឹងនោះជាផ្លែផ្កាទទួលលទ្ធផលវិជ្ជមានល្អមកជានិច្ច ជាហេតុនាំឱ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនីរោងចក្រ សិប្បកម្ម សហគ្រាសតូចធំ តែនាំគ្នាសប្បាយចិត្ត និងធ្វើការស្ងោចសរសើរចំពោះការដឹកនាំរបស់អភិបាលរងរូបនេះ ៕
ចែករំលែកព័តមាននេះ