រាជធានីភ្នំពេញ ៖ យុវជនញឹម គឹមស្រៀង អាយុ១៩ឆ្នាំ ដែលត្រូវគ្រូពេទ្យកាត់ដៃទាំងពីរ ដើម្បីសង្គ្រោះជីវិត ក្រោយពីត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យរបួសធ្ងន់ ហើយសំរាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត្រអស់រយៈពេលដប់ថ្ងៃ ពេលនេះបានស្លាប់ និងត្រូវបញ្ជូនសពទៅធ្វើបុណ្យឯស្រុកកំណើតភូមិលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងរួចហើយ កាលពីល្ងាចថ្ងៃទី៥ កញ្ញា ២០១០ ។
គ្រូពេទ្យនៅប្រចាំការមន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា ទោះបីជាគ្រូពេទ្យបានព្យាយាមយកចិត្តទុកដាក់ក្នុងការព្យាបាល និងតាមដានសភាពជំងឺរបស់យុវជនរងគ្រោះឈ្មោះញឹម គឹមស្រៀង ដែលត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យរបួសធ្ងន់យ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះបានដែរ… គ្រូពេទ្យមានការសោកស្តាយណាស់ ព្រោះតែរបួសរបស់គេធ្ងន់ធ្ងរពេក ។ នៅក្នុងការព្យាបាល គ្រូពេទ្យបានសំរេចធ្វើការកាត់ដៃទាំងពីរ ដើម្បីកុំឱ្យមេរោគឆ្លងចូលក្នុងខ្លួន ប៉ុន្តែនៅតែមិនអាចជួយបានគឺជនរងគ្រោះបានស្លាប់កាលពីព្រឹកថ្ងៃទី៥ កញ្ញា ២០១០ ហើយសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ។ មុនពេលស្លាប់ យុវជនរងគ្រោះត្រូវបានទទួលការឧបត្ថម្ភប្រាក់១ពាន់ដុល្លារពីលោកជំទាវហ៊ុន ម៉ាណា បុត្រីរបស់សម្តេចតេជោហ៊ុន សែន ដើម្បីសំរាលទុក្ខលំបាកផងដែរ ៕
ចែករំលែកព័តមាននេះ