ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​យោធា​អា​មេ​រិ​ក​ទទួលស្គាល់​ថា​មន្ទីរពេទ្យ​របស់ MSF នៅ​ក្រុង​គុន​ឌុ​ស​វាយប្រហារ​ច្រឡំ

8 ឆ្នាំ មុន

មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឧត្តមសេនីយ៍ JOHN CAMPBELL បាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​៦ តុលា​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​កមួយ​បាន​ត្រូវ​ចំ​ដោយ​ច្រឡំ កាលពី​ថ្ងៃ​ទី​៣ តុលា

មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឧត្តមសេនីយ៍ JOHN CAMPBELL បាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​៦ តុលា​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​កមួយ​បាន​ត្រូវ​ចំ​ដោយ​ច្រឡំ កាលពី​ថ្ងៃ​ទី​៣ តុលា លើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF នៅ​ក្រុង​គុន​ឌុ​ស អា​ហ្វ​ហ្គា​នី​ស្ថាន បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​យ៉ាងតិច​២២​នាក់ ក្នុង​នោះ​មាន​និយោជិត MSF ១២​នាក់ និង​អ្នកជំងឺ​១០​នាក់ ។

លោក CAMPBELL ក្នុង​ឱកាស​នៃ​សវនាការ​មួយ​របស់​សភា​នាទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ថ្លែង​ថា មន្ទីរពេទ្យ​នោះ​រង​ការ​វាយប្រហារ​ដោយ​ច្រឡំ​។ យើង​ពុំដែល​មាន​ចេតនា​វាយ​ប្រហារ​លើ​ទីតាំង​ពេទ្យ​មួយ​ឡើយ ។ មេបញ្ជាការ​រូប​នេះ​ទទួលស្គាល់​ពី​ការ​វាយប្រហារ​ច្រឡំ​ពេល​ដែល MSF សម្តែង​ការ​ក្តៅក្រហាយ​បន្ទាប់​ពី​យន្តហោះ​អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ​ខ្លួន ។

កាលពី​ថ្ងៃ​ទី​៥ តុលា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក CAMPBELL បាន​ចៀសវាង​ពុំ​ទទួលស្គាល់​ការ​ទទួលខុសត្រូវ​របស់​សហរដ្ឋអាមេរិក ដោយ​គ្រាន់តែ​និយាយ​ថា ជន​ស៊ី​វិល​ជា​ច្រើន​នាក់​រង​ការ​វាយប្រហារ​ដោយ​ចៃដន្យ ។ ក្រោយ​ការ​អះអាង​បែប​នេះ​បន្តិច MSF បាន​ស្នើ​ឱ្យ​មានការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ ទោះបី​មានការ​សន្យា​របស់​សេត​វិមាន និង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា នឹង​ធ្វើការ​ស៊ើ​ប​អង្កេត​ដោយ​តម្លាភាព​មួយ​ក្តី ។

ទន្ទឹម​នឹង​នេះ លោក CAMPBELL ថ្លែង​ថា ការ​សម្រេចចិត្ត​ជួយ​វាយប្រហារ​តាម​អាកាស​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​តា​លី​បង់​នៅ​ក្រុង​គុន​ឌុ​ស ៕