រាជធានីភ្នំពេញ ៖ គណៈកម្មការចំនួន២ក្រុមកំពុងតែផ្ទុះហិង្សាដាក់គ្នា និងបុរសជនជាតិវៀតណាមចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅក្នុងវត្តកាវដាយពាក់ព័ន្ធទៅនឹងការវាយបំផ្លិចបំផ្លាញរូបសំណាកព្រះគ្រូ កាវ ដាយ អតីតមេដឹកនាំមេសាសនា កាវ ដាយ ក្រោយពីមានគណៈកម្មការចំនួន២ក្រុម(មួយក្នុងវត្ត និងមួយទៀតគណៈកម្មការមកពីខាងក្រៅ)ធ្វើការជំទាស់គ្នាក្នុងការជួសជុល និងកែលម្អសោភ័ណភាពក្នុងវត្ត កាវ ដាយ ឡើងវិញអស់រយៈពេលរាប់ខែមកហើយនោះ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៣ តុលា ២០១៥ នៅក្នុងវត្ត កាវ ដាយ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជាប់ចោទទាំង២នាក់មានឈ្មោះ ង្វៀង ង៉ុកឡាប អាយុ៤៥ឆ្នាំ និងឈ្មោះ វ៉ ដុង យ៉ាង អាយុ ៣៩ឆ្នាំ ជាជនជាតិវៀតណាមដូចគ្នា ស្នាក់នៅក្នុងវត្ត កាវ ដាយ ជាមួយគ្នា។
មុនពេលកើតហេតុបុរសជជាតិវៀតណាម ចំនួន៤នាក់ បានបើករថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿងមកចតនៅខាងមុខខ្លោងទ្វារវត្ត ក្នុងបំណងលើកយករូបសំណាកព្រះគ្រូ កាវ ដាយ ដែលគេយកមកទុកដើម្បីតម្កល់ក្នុងវត្តនោះ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបុរសវៀតណាមទាំង៤នាក់បាននាំគ្នាបើករថយន្តមួយគ្រឿងមកឈប់នៅខាងមុខក្លោងទ្វារវត្តរួចហើយ ពួកគេចំនួន២នាក់ក៏បានដើរចូលទៅក្នុងវត្តដើម្បីលើកយករូបសំណាកនោះដាក់ឡាន ដោយលើកមិនរួចក៏បានយកដុំថ្ម និងកំណាត់ឈើទៅវាយបណ្តាលឱ្យបាក់ដៃទាំងពីរ។
ភ្លាមនោះក៏មានមនុស្សរបស់គណៈកម្មការមកពីខាងក្រៅដែលសុំធ្វើការជួសជុលក្នុងវត្តម្ខាងទៀតបានឃើញ និងប្តឹងឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចុះមកធ្វើអន្តរាគមន៍ និងវាយខ្នោះចាប់ខ្លួនបានចំនួន២នាក់ ដែលជាភាគីខាងនៅក្នុងវត្ត ចំណែកឯបុរស២នាក់ទៀតបានបើករថយន្តនាំគ្នាគេចខ្លួនបាត់ទៅ។
ពាក់ព័ន្ធទៅនឹងហេតុការណ៍នេះដែរត្រូវបានគេដឹងថា ក្នុងវត្តកាវដាយខាងលើនេះគឺមានរឿងចម្រូងចម្រាស់គ្នារអស់រយៈពេលជាយូរណាស់មកហើយដែលផ្តើមឡើងដោយគណៈកម្មាធិការក្នុងវត្តមិនអនុញ្ញាតឱ្យគណៈកម្មការម្ខាងទៀតដែលមកពីខាងក្រៅធ្វើការជួសជុល និងកែលំអរវត្តនេះឡើយ៕
ចែករំលែកព័តមាននេះ