រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនមានគម្រោងបើកសិទ្ធិឲ្យជនបរទេសអាចទិញដី និងផ្ទះជាន់ផ្ទាល់ដីនោះទេ ថ្វីដ្បិតតែប្រទេសជិតខាងមួយចំនួនបើកសិទ្ធិនេះឲ្យជនបរទេសដែលវិនិយោគនៅប្រទេសខ្លួនអាចទិញដីសម្រាប់វិនិយោគ និងមានសិទ្ធិទិញផ្ទះជាន់ផ្ទាល់ដីក៏ដោយ ។
ចុះបើសិនជាកម្ពុជាផ្ដល់សិទ្ធិដល់ជនបរទេសអាចទិញដី និងផ្ទះជាន់ផ្ទាល់ដី និងអាចកាន់កាប់ប្លង់រឹងបាន តើមាននឹងអ្វីកើតឡើងចំពោះប្រជាជនកម្ពុជា ហើយតើនឹងអាចជួយអ្វីបន្ថែមសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ?
ខាងក្រោមនេះជាទស្សនៈរបស់អ្នកជំនាញផ្នែកអចលនទ្រព្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលបានលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះ ។
លោក ឌឹត ចណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យ វី អឹម ស៊ី បានឲ្យដឹងថា ការបើកសិទ្ធិដល់ជនបរទេសអាចទិញដី និងផ្ទះជាន់ផ្ទាល់ដី ព្រមទាំងអាចកាន់កាប់ប្លង់រឹងបាន វាជាការល្អ តែវាក៏មានគុណវិបត្តិមួយចំនួនដែរដល់ប្រជាជនកម្ពុជា។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖ « បើសិនជាមានច្បាប់ហ្នឹង វាអាចជួយបានមួយផ្នែកដែរដល់ជនបរទេស ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែខ្ញុំគិតថា ច្បាប់ហ្នឹងវាអាចតឹងតែងបន្តិច ដោយសារតែនេះគឺជាការគ្រប់គ្រងលើដីធ្លី ដោយជនបរទេស »។
លោកបន្តថា៖ « ជាធម្មតា ប្រជាពលរដ្ឋកម្ពុជាមានជីវភាពនៅល្មម ហើយបើធៀបនឹងជនបរទេសគឺយើងនៅចាញ់បរទេសច្រើនទាក់ទងនឹងលុយកាក់ ។ ដូចនេះបើសិនជាបើកសិទ្ធិនេះឲ្យជនបរទេសអាចទិញដីធ្លី គ្រប់គ្រងដីធ្លីបាន វានឹងអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាពិបាករកទិញដីធ្លីសម្រាប់សង់ផ្ទះ ឬពិបាកទិញផ្ទះស្នាក់នៅជាដើម ព្រោះកាលណាជនបរទេសមកទិញកាន់តែច្រើន តម្លៃនៃដីធ្លី និងផ្ទះទាំងនោះ នឹងឡើងថ្លៃ ។ ជាក់ស្ដែងសព្វថ្ងៃនេះ តម្លៃដីធ្លី និងផ្ទះនៅតំបន់មួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋយើងរកលុយទិញមិនបានផង ព្រោះតម្លៃវាឡើងជាលំដាប់ តាមមិនទាន់ » ។
លោកបញ្ជាក់ថា បើសិនជាមានករណីនេះកើតឡើងមែន កម្ពុជាអាចទាក់ទាញអ្នកវិនិយោគបន្ថែមទៀតបាន តែវាមិនមានខ្លាំងណាស់ណាទេ ហើយវាក៏ជារឿងល្អសម្រាប់ជនបរទេស ឬអ្នកវិនិយោគបរទេសដែរ តែវាជារឿងមិនសូវល្អសម្រាប់ប្រជាជនក្នុងស្រុកដែលមានជីវភាព និងអ្នកមានរបរល្មមៗ ។
លោក ម៉ី វ៉ាន់ អគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្ពុជាមិនទាន់មានគម្រោងក្នុងការផ្ដល់សិទ្ធិដល់ជនបរទេសទិញ កាន់កាប់ដីធ្លី និងផ្ទះនោះទេ ហើយប្រហែលជាមិនអាចទៅរួចដែរ នៅក្នុងពេលឆាប់ៗនេះ ។ លោកថា ៖ « នៅកម្ពុជាយើងមានបរិបទពីរ ហើយយើងចង់ណាស់ឲ្យអ្នកវិនិយោគមកស្រុកខ្មែរ ក៏ប៉ុន្តែបញ្ហាបច្ចុប្បន្ននេះ គឺមានអ្នកនយោបាយមួយចំនួន ធ្វើឲ្យខ្មែរស្អប់វៀតណាម ដូចនេះបើសិនជាបើកឲ្យជនបរទេសមានសិទ្ធិទិញដី ទិញផ្ទះជាន់ផ្ទាល់ដីទៅ ការញុះញង់កាន់តែងាយស្រួលទៅទៀត ។ យើងគិតត្រូវ គិតរឿងនយោបាយ និងរឿងសេដ្ឋកិច្ច ដើរទន្ទឹមជាមួយគ្នា » ។
លោកបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកសិទ្ធិឲ្យជនបរទេសអាចទិញផ្ទះចាប់ពីជាន់ទី១ទៅ ឃើញថា កំណើនជនបរទេសដែលមកស្រុកខ្មែរ និងទិញផ្ទះចាប់ពីជាន់ទី១ទៅ ក៏ច្រើនដែរ ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលវត្ថុកម្ពុជា និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនខ្មែរ រៀលអុីស្ទេត បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមិនត្រូវឲ្យមានច្បាប់បើកសិទ្ធិឲ្យជនបរទេសទិញ និងកាន់កាប់ដីធ្លីបានទេ ។ លោកថា « នរណាក៏ដោយដែលហ៊ានស៊ីញេលក់ដីឲ្យជនបរទេស អ្នកនោះនឹងក្លាយជាជនក្បត់ជាតិ ៥០ឆ្នាំក្រោយ ។ រឿងនេះគឺដាច់ខាតមិនត្រូវឲ្យកើតមានទេ នៅអាមេរិកផ្សេង សិង្ហបុរីផ្សេង ព្រោះប្រជាជនគេមានអ្នកចេះដឹងច្រើន សូម្បីតែអ្នករត់តាក់ស៊ី ក៏ចប់មហាវិទ្យាល័យដែរ តែខ្មែរយើងវិញ អ្នកចេះដឹងនៅមានកម្រិតទាបនៅឡើយ » ។
លោកបន្តថា ៖ « ការបើកសិទ្ធិឲ្យជនបរទេសទិញខុនដូចាប់ពីជាន់ទី១ទៅ វាជារឿងប្រសើរហើយ តែបើខ្មែរយើងបើកសិទ្ធិឲ្យជនបរទេសទិញដីទៀតនោះ ថ្ងៃក្រោយលែងមានភ្នំពេញហើយ ទៅជាឆាយណាថោនហើយ។ ចំពោះខ្ញុំជាអ្នករកស៊ីដីធ្លីមែន តែខ្ញុំប្រឆាំងដាច់ខាត មិនឲ្យមានច្បាប់នេះឡើយ ទោះបីជាច្បាប់នេះផ្ដល់ផលឲ្យខ្ញុំច្រើនប៉ុនណាក៏ដោយ តែបើជនបរទេសជួលដីធ្លីគឺបាន បើទោះជា៥០ទៅ៦០ឆ្នាំក៏ដោយ » ៕


ចែករំលែកព័តមាននេះ