ខេត្តត្បូងឃ្មុំ ៖ បុរសប្រមឹកម្នាក់បានវាយប្រពន្ធបែកចិញ្ចើមហូរឈាមត្រូវប្រពន្ធវាយតបវិញសន្លប់នៅលើផ្ទះត្រូវបានគេនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី៣០ កញ្ញា ២០១៥ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា បុរសជាប្តីឈ្មោះស៊ា សុភា អាយុ៣៣ឆ្នាំ រស់នៅភូមិតែមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
លោកអធិការរងបានបន្តថា មុនពេលកើតហេតុបុរសជាប្តីបានផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែកនៅផ្ទះអ្នកភូមិម្នាក់ លុះដល់ម៉ោង៥ល្ងាចថ្ងៃដដែលទើបមកដល់ផ្ទះក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ដោយបានជេរបញ្ចោរគ្នាទៅវិញទៅមក រហូតផ្ទុះកំហឹងប្តីដាល់ប្រពន្ធបែកត្របកភ្នែកខាងស្តាំ។
លោកអធិការបន្តទៀតថា ស្ត្រីជាប្រពន្ធបន្ទាប់ពីប្តីវាយបែកភ្នែកឈឺចុកចាប់ខ្លាំងពេកទ្រាំមិនបានបានដើរទៅយកថូផ្កាមកវាយលើប្តីវិញត្រូវចំក្បាលបណ្តាលឱ្យសន្លប់ស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំប្តីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំភ្លាមៗដែរ៕
ចែករំលែកព័តមាននេះ