រាជធានីភ្នំពេញ ៖ កុងតឺន័រក្រុមហ៊ុនផែស្ងួន តេង ឡាយ មួយគ្រឿងបានបត់ស្តាំចូលផែស្ងួតតែមិនបានប្រយ័ត្នទៅបុកម៉ូតូម៉ាកសេ១២៥មួយគ្រឿង បណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខផែស្ងួត តេង ឡាយ នៅតាមបណ្តោយផ្លូវអូដឹម ស្ថិតក្នុងភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-3453 បើកបរដោយបុរសម្នាក់ ឌុបនារី៣នាក់តាមបណ្តោយផ្លូវអូដឹម ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏មានកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ១គ្រឿងមានក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-5729 បើកបរដោយបុរសម្នាក់ បើកពីក្រោយម៉ូតូយ៉ាងកៀក លុះដល់ចំណុចមុខផែស្ងួត តេង ឡាយ កុងតឺន័រក៏បានបត់ស្តាំចូលទៅផែស្ងួតតែមិនបានប្រយ័ត្នក៏បុកម៉ូតូហុងដា សេ១២៥ ដែលបើកនៅពីមុខបណ្តាលឱ្យដួល និងកិនម៉ូតូជាប់នឹងកង់ស្តាំខាងមុខ ចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង៤នាក់ ក្នុងនោះមាននារីម្នាក់សន្លប់ស្តូកស្តឹងទៀតផង ។ ភ្លាមៗនេះ ស្ត្រីរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសម្នាក់ជាអ្នកបើកបរមិនព្រមទៅដោយសារនៅមើលម៉ូតូ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើការវាស់វែង និងយកម៉ូតូរងគ្រោះ ព្រមទាំងកុងតឺន័របង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា តាមបណ្តោយផ្លូវអូដឹមសម្បូរកុងតឺន័របើកណាស់ ហើយភាគច្រើនបើកលឿនៗទៀតផង ម្យ៉ាងទៀតផ្លូវនោះមានស្ថានភាពងងឹត ហេតុដូច្នះហើយជារឿងៗតែងតែមានគ្រោះថ្នាក់កើតឡើងនៅពេលយប់ ៕
ចែករំលែកព័តមាននេះ