ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​តូច​ចិត្ត​សង្សារ​សុំ​បែក ​ចង.ក​ធ្វើអត្ត​ឃាត​

10 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ យុវ​ជន​ម្នាក់​តូច​ចិត្តសង្សារ​សុំ​ចែក​ផ្លូវ​បាន​សម្រេច​ចិត្ត​ចង​.ក​នឹង​ខ្សែនី​ឡុង​ធ្វើ​អត្ត​ឃាត​នៅ​លើ​ដើម​រាំង​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ ថ្ងៃ​ទី​២៧ កញ្ញា នៅ​ត្រង់​ចំណុច​ក្នុង​ព្រៃ​ស្ថិត​ក្នុង​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀន​ស្វាយ​។

ជន​រង​គ្រោះ​ឈ្មោះ​ព្រឿង រើន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​វាល ឃុំ​ស្រុង ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ធ្វើ​ការ​ជាមួយ​អង្ការ​ផ្នែក​កសិ​កម្ម​ធ្វើ​ស្រូវ​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​ប្រហែល​៣-៤​ខែ​ហើយ។

តាម​ប្រភព​ពី​អ្នក​ធ្វើ​ការ​ជាមួយ​បាន​និយាយ​ថា កាល​ពី​៤​ថ្ងៃ​មុន​ ជន​រង​គ្រោះ​បាន​មក​ធ្វើ​ការ​ធម្មតា​ទើប​តែ​បាត់​ខ្លួន​រយៈ​ពេល​២​ថ្ងៃ​នេះ​មិន​ដឹង​ទៅ​ណា​ មិន​ឃើញ​ចូល​ធ្វើ​ការ​ទេ ដោយ​ពួក​គេ​នឹក​គិត​ថា ជន​រង​គ្រោះ​ទៅ​ផ្ទះ​បង​ប្អូន​ ឬស្រុក​កំណើត​។

លុះ​នៅ​ថ្ងៃ​កើតហេតុ​​​មានការ​ភ្ញាក់​ផ្អើល​ពី​អ្នក​នេសាទ​ត្រី​ប្រទះ​ឃើញ​សាក​សព​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​រាំង​ក្នុង​ព្រៃ​ចម្ងាយ​ពី​កន្លែង​ធ្វើ​ការប្រហែល​១.២០០​ម៉ែត្រ​​​​ ​ក៏នាំ​គ្នា​រត់​ទៅ​មើល​ទើប​ស្គាល់​ថា​ជា​ជន​រង​គ្រោះ​ក៏បាន​រាយការណ៍​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​ និង​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​តែម្តង​។

ក្រោយ​ពេល​ពិនិត្យ​កោសល្យ​វិច័យ​រួច សមត្ថ​កិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិត​ជា​បាន​ចង​.ក​សម្លាប់​ខ្លួន​ពិត​មែន​ពុំ​មាន​ស្លាក​ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​ឡើយ​។

នៅ​ក្នុង​ហោ​ប៉ៅ​ជន​រង​គ្រោះ​សមត្ថ​កិច្ច​រក​ឃើញ​សំបុត្រ​មួយ​ច្បាប់​សរ​សេរ​ថា «ក្រុម​គ្រួសារ​ឱ្យ​ខ្ញុំ​សូម​ទោស​ផង​​​​ អរគុណ​ណាស់​ អានាង​ពៅ» ហើយ​គូរូប​បេះ​ដូង​សរ​សេរ​ថា «អូនរី»។

ទោះ​ជា​យ៉ាង​ណា​ក្រុម​គ្រួសារ​មិន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់​លាស់​ប្រាប់​សមត្ថ​កិច្ច​ទេ គ្រាន់តែ​ប្រាប់​ថា ជន​រង​គ្រោះ​ស្រឡាញ់​នារី​ម្នាក់​នៅ​ស្រុក​កំណើត​ខេត្ត​កំពង់​ស្ពឺ តែ​នារី​នោះ​បាន​សុំ​ផ្តាច់​ការ​ទាក់​ទង​ទើប​ជន​រង​គ្រោះ​ខូច​ចិត្ត​ចង​.ក​សម្លាប់ខ្លួន​បែប​នេះ ៕