រាជធានីភ្នំពេញ៖ យោងតាមថ្នាក់ដឹកនាំកំពូលនៃក្រសួងទេសចរណ៍បានបង្ហើបថារាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ហើយការលើកឡើងនេះបានធ្វើឱ្យអាជីវករឬអ្នករកស៊ីផ្តល់សេវាក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ជាង១ឆ្នាំមកនេះបានបង្ហាញការស្វាគមន៍និងសាទរចំពោះដំណឹងមួយនេះ។

អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ៨មេសានេះថា« ក្នុងនាមជាអាជីវករផ្នែកសណ្ឋាគារកម្ពុជា ពេលបានឃើញព័ត៌មានរបស់ក្រសួងទេសចរណ៍នេះ គឺមានសេចក្តីរីករាយ ព្រោះយើងរំពឹងលើការទទួលភ្ញៀវបរទេសយូរមកហើយព្រោះជំងឺកូវីដ១៩បានអូសបន្លាយអស់រយៈពេលវែង ក្នុងនាមជាអាជីវករ ពួកយើងមិនធ្លាប់គិតថាវាអូសបន្លាយវែងធ្វើឱ្យប៉ះពាល់ទៅដល់អាជីវកម្មខ្លាំងបែបនេះនោះទេ។តែមកដល់ឥលូវ គាត់(ក្រសួងទេសចរណ៍)ថារៀបចំទទួលភ្ញៀវអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចឱ្យមកចូលលេងនៅស្រុកខ្មែរគឺជាការល្អមែនទែន។ដូចនេះខ្ញុំសូមស្វាគមន៍និងសាទរ»។

បើតាមប្រធានសមាគមសណ្ឋាគារកម្ពុជារូបនេះថា បច្ចុប្បន្ននេះអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍មិនទាន់បានត្រៀមលក្ខណៈនៅឡើយទេ ព្រោះយើងស្ថិតក្នុងកាលៈទេសៈមានការហាមឃាត់មិនឱ្យឆ្លងកាត់និងធ្វើដំណើរ។តែនៅពេលក្រសួងទេសចរណ៍ដាក់ផែនការមក អាជីវករទាំងអស់ក្នុងវិស័យទេសចរណ៍យើងនឹងរៀបចំខ្លួនឱ្យបានទាន់ពេលវេលា។
អ្នកស្រី ខៃ ចិន្តា សង្កត់ធ្ងន់ថា«ខ្ញុំសង្ឃឹមនិងគិតថា យើងទាំងអស់គ្នា នឹងសប្បាយចិត្ត ព្រោះយើងបានរងចាំទទួលភ្ញៀវអស់រយៈពេលជាងមួយឆ្នាំមកហើយធ្វើឱ្យក្រុមហ៊ុនស៊ឹងតែដួលរំលំអស់គ្រប់គ្នា ស្រាប់តែមើលឃើញដំណឹងល្អ ដោយរាជរដ្ឋាភិបាល នឹងពិចារណាឬអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅអង្គរ គឺពួកគាត់មានចិត្តត្រេកអរទាំងអស់គ្នា នឹងរងចាំស្វាគមន៍ ហើយនិងរៀបចំសេវាកម្មធ្វើយ៉ាងណាឱ្យភ្ញៀវសប្បាយចិត្ត»។
លោក ធឿន វុឌ្ឍី មគ្គុទេស ទេសចរណ៍ប្រចាំតំបន់សៀមរាបបានឱ្យដឹងថា« ដំណឹងនេះ ជាការល្អសម្រាប់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ ប្រសិនជារាជរដ្ឋាភិបាអាចធ្វើបាន។តែសំខាន់យើងនៅមានការជឿជាក់តិចតួចនៅឡើយ ព្រោះជំងឺកូវីដ១៩នេះវាហាក់មិនទាន់មានសញ្ញាណថមថយ»។ បើតាមលោក ធឿន វុឌ្ឍី «តែទោះជាយ៉ាងណា នេះជាព័ត៌មានមួយល្អ និងការជាលើកទឹកចិត្ត ហើយខ្ញុំសូមអបអរសាទរ»។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។
តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។
សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរ៕
ចែករំលែកព័តមាននេះ