រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តនិតីវិធី បានដឹកនាំកម្លាំងជាច្រើននាក់ចុះធ្វើការត្រួតពិនិត្យឃាត់ខ្លួន និងទទួលជនជាតិវៀតណាមចំនួន២២នាក់ (ស្រី៧នាក់) មកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខ្លះទៀតឃាត់ខ្លួននៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថៃ្ងទី២៣ កញ្ញា ២០១៥ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តនិតីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺធ្វើឡើង ដោយមានការសហការជាមួយនគរបាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីស្រាវជ្រាវរហូតដល់កំណត់ទីតាំងដែលជនបរទេសជាជនជាតិវៀតណាមខាងលើនេះចូលមកស្នាក់នៅ និងប្រកបការងារខុសច្បាប់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ ជាក់ស្តែងនៅក្នុងការត្រួតពិនិត្យខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន១៤នាក់ ។ ជនអន្តោប្រវេសន៍ទាំងនេះបានលួចឆ្លងដែនខុសច្បាប់ចូលមកស្នាក់នៅ និងប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានលិខិតឆ្លងដែន វីសា សៀវភៅការងារ និងឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវស្របតាមច្បាប់អន្តោប្រវេសន៍នៃប្រទេសកម្ពុជាទេ ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យនេះដែរ សមត្ថកិច្ចបានទទួលជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន៨នាក់ពីស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ យកមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បន្ទាប់ពីរកឃើញថា ជនអន្តោប្រវេសន៍ទាំង៨នាក់ខាងលើនេះបានលួចឆ្លងដែនខុសច្បាប់ចូលមកស្នាក់នៅ និងប្រកបការងារនៅក្នុងខេត្តកំពង់ធំ ទើបសមត្ថកិច្ចនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំចុះទៅឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនអន្តោប្រវេសន៍ខុសច្បាប់សរុបទាំងអស់ចំនួន២២នាក់ (ស្រី៧នាក់) ខាងលើត្រូវបានសមត្ថកិច្ចសាកសួរ និងធ្វើបែបបទដើម្បីបណ្តេញចេញពីក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះតាមផ្លូវច្បាប់ ។ ចំពោះការចុះត្រួតពិនិត្យនេះ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងបន្តចុះបង្ក្រាបនេះបន្តបន្ទាប់ទៀតដូចភ្លៀងរលឹមចំពោះគ្រប់ជនបរទេសទាំងអស់ មិនថាតែជនជាតិវៀតណាមដែលចូលមកធ្វើការ ក៏ដូចជាស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់នោះទេ ឱ្យតែចូលមកស្នាក់នៅ និងប្រកបការងារខុសច្បាប់នោះសមត្ថកិច្ចនឹងឃាត់ខ្លួនដូចគ្នា ដោយមិនប្រកាន់ថាជាតិសាសន៍ណាឡើយ ៕
ចែករំលែកព័តមាននេះ