រាជធានីភ្នំពេញ ៖ អគ្គីភ័យដែលឆាបឆេះ ខារ៉ាអូខេ និងផ្ទះសំណាក់ យីហោ ស្កាយផត កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៨ កញ្ញា ២០១៥ ពេលនេះត្រូវបានក្រុមពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់រលត់ទាំងស្រុងហើយកាលពីវេលាម៉ោង១០ និង៣០នាទីយប់នេះ ដោយមិនមានបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសឡើយ ។
លោក យឹម ថារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ «កោះសន្តិភាព» តាមទូរស័ព្ទថា រហូតមកទល់ពេលនេះអគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ និងផ្ទះសំណាក់ស្កាយផត បានរលត់ទាំងស្រុងហើយដោយសារកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមសហការពីទាហានកងពលតូចដឹកជញ្ជូនលេខ៩៩ និងប្រជាពលរដ្ឋជាច្រើនផងដែរ ។
លោកបញ្ជាក់ទៀតថា ក្នុងហេតុការណ៍អគ្គិភ័យនេះមិនមានបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសឡើយ ដោយសារកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានជម្លៀសមនុស្សទាំងអស់ចេញ ។ លោកបន្តទៀតថា ភ្លើងបានឆេះបន្ទប់ចំអិនអាហារស្ទើរតែអស់ទាំងស្រុង គឺ៨០%នៃកន្លែងឆេះ ដោយសារតែកន្លែងឆេះនៅផ្នែកខាងក្រោយ ហើយផ្លូវតូចគឺអាចចូលបានតែឡានពន្លត់អគ្គិភ័យម្តង១គ្រឿងប៉ុណ្ណោះ ។
ប្រភពពីសមត្ថកិច្ចដែលបានទៅអន្តរាគមន៍ក្នុងហេតុការណ៍អគ្គិភ័យនេះបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានភ្លើងឆេះនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ។ តែនៅពេលនេះសមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានពីទំហំនៃការខូចខាតបាននៅឡើយទេ គ្រាន់តែដឹងថា ឆេះបន្ទប់ចំអិនអាហារនេះអស់ប្រមាណ៨០%ប៉ុណ្ណោះ ។
ប្រភពពីប្រជាពលរដ្ឋដែលទៅចោមរោមមើលអគ្គិភ័យនេះបានឱ្យដឹងថា មុនពេលកើតហេតុ នៅខារ៉ាអូខេ និងផ្ទះសំណាក់យីហោ ស្កាយផត នេះមានទុស្សេខ្សែភ្លើងម្តងរួចមកហើយ តែត្រូវបានក្រុមបុគ្គលិកអន្តរាគមន៍ទាន់ពេលវេលា តែមិនដឹងជាយ៉ាងម៉េចបានជាកើតមានអគ្គិភ័យទៀត សំណាងហើយមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋដោយសារកន្លែងដែលឆេះនោះនៅជាប់ផ្លូវ មិននៅជាប់ផ្ទះប្រជាពលរដ្ឋ ។
ប្រភពពីសមត្ថកិច្ចពន្លត់អគ្គិភ័យបានឱ្យដឹងថា ទម្រាំគ្រប់គ្រងបានយើងប្រើប្រាស់ទឹកអស់ជិត២០ឡាន ដោយសារតែភ្លើងឆេះនៅខាងក្នុងបន្ទប់ចំអិនអាហារខាងក្នុង ហើយផ្សែងខ្មួលខ្មាញ់ពេក ។
សមត្ថកិច្ចពន្លត់អគ្គិភ័យក៏បានសំណូមពរផងដែរថា បណ្តាទីតាំងទំនើបៗ ដូចជាក្លិបកំសាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ឬផ្សារទំនើបនានា សូមសហការជាមួយជំនាញពន្លត់អគ្គិភ័យ បំពាក់នូវឧបករណ៍បង្ការ និងពន្លត់អគ្គិភ័យ ដូចជា បំពង់ពន្លត់អគ្គិភ័យ ឬប្រព័ន្ធបាញ់ទឹកពន្លត់អគ្គិភ័យស្វ័យប្រវត្តិជាដើម ដើម្បីចៀសវាងកើតមានអគ្គិភ័យជាយថាហេតុ ។
សូមបញ្ជាក់ផងដែរថា ខារ៉ាអូខេ និងផ្ទះសំណាក់ យីហោ ស្កាយផត មានទីតាំងនៅផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទល់មុខបន្ទាយកងពលតូចដឹកជញ្ជូនលេខ៩៩ ៕
ចែករំលែកព័តមាននេះ